(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា ក្នុងកិច្ចខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Bridgette Walker និងសហការី ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែល្អប្រសើរ ដែលរួមចំណែកយ៉ាងធំធេងក្នុងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពើគោលដៅកម្ពុជាក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ក្នុងការសម្រេចគោលដៅនេះ កម្ពុជា ត្រូវការរក្សាឲ្យបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ ពិពិធកម្មសេដ្ឋកិច្ច និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសការទាញយកសក្តានុពលនៃមូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគឲ្យចូលមកកាន់ទីផ្សារប្រកបដោយថាមពលមួយនេះ ។ សហអាម៉េរិក ជាដៃគូសហការដ៏ល្អប្រសើរ និងទីផ្សារដ៏ធំរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា ។
លោកស្រី Bridgette Walker បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការឆ្លៀតពេលវេលាដ៏មមាញឹករបស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងបានសម្តែងនូវការសាទរចំពោះកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគឯកជន។ ជាមួយគ្នានេះ លោកស្រី ក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ (Scams), សន្តិសុខអ៊ីនធឺណែត (Cyber Security) និងហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណែតដែលជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ ។
លោកស្រី ក៏បានជម្រាបជូនដែរថា ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានបង្ហាញជំហរផ្ដល់ការគាំទ្រជាជំនួយបច្ចេកទេសដល់កម្ពុជាពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងបង្កើនភាពធន់នៃវិស័យហិរញ្ញវត្ថុ ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីករណីអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនថា កម្ពុជា បានខិតខំរៀបចំ និងដោះស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដូចជាបានបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន និងបានត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) ជុំទី២នៅសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយនេះ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្រ្កាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែង បន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដើម្បីជំរុញទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតជាដើម ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងប្រជាជនអាម៉េរិក ដែលបាននិងបន្ដគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្មថែមទៀត៕