(ភ្នំពេញ)៖ ក្រសួងព័ត៌មាន តាមរយៈសេចក្តីជូនដំណឹង បានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៥ នាពេលខាងមុខនេះ មូលនិធិគន្ធបុប្ផាកម្ពុជានឹងប្រារព្ធពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងន័យនេះ ក្រសួងព័ត៌ មានសូមស្នើលោក លោកស្រី មេត្តាចូលរួមបរិច្ចាគថវិកា ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការធានាបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានបេសកកម្មដ៏សំខាន់ក្នុងការពិនិត្យ និងព្យាបាលកុមារនៅកម្ពុជាដោយឥតគិតថ្លៃ។
សូម លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ មន្ត្រីជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន និងសមាគម អង្គភាព និងអ្នកសារព័ត៌មានទាំងអស់ មេត្តាចូលរួមគាំទ្រយុទ្ធនាការដ៏សំខាន់នេះ ឱ្យបានកាន់តែផុសផុល និងសកម្ម ដោយបរិច្ចាគថវិកាដោយផ្ទាល់តាមរយៈ QR Code ដូចមានជូនភ្ជាប់ខាងក្រោម៕