(ភ្នំពេញ)៖ កម្ពុជាបន្តបោះជំហានគួរឱ្យចាប់អារម្មណ៍ ក្នុងដំណើរឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ យោងតាមការប៉ាន់ប្រមាណការឆ្លងរាលដាលមេរោគអេដស៍ជាតិ នៅឆ្នាំ២០២៥ ដែលចេញផ្សាយដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងការិយាល័យអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី។

ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ កាកបាទក្រហមកម្ពុជា និងដៃគូអភិវឌ្ឍ និងដោយមានការគាំទ្រឥតឈប់ឈរពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងពីសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការគណនាប៉ាន់ប្រមាណការរីករាលមេរោគអេដស៍នៅឆ្នាំ២០២៥ បញ្ជាក់សារជាថ្មីឡើងវិញនូវកេរ្តិ៍ឈ្មោះ របស់ប្រទេសកម្ពុជាថា «ជាប្រទេសឈានមុខគេក្នុងពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍»។

យោងតាមការប៉ាន់ប្រមាណការរាលដាលនៃមេរោគអេដស៍ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីបានថយចុះមកត្រឹម ១,២០០នាក់ ក្នុងឆ្នាំ២០២៤ ដែលជាការថយចុះ៤៥% ពីកម្រិតមូលដ្ឋាននៅឆ្នាំ២០១០ និងជាការថយចុះជាង៩០% ចាប់តាំងពីការឆ្លងរីករាលដាលនៃមេរោគច្រើនបំផុតនៅចុងទសវត្សរ៍ឆ្នាំ១៩៩០។ លើសពីនេះទៀត ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនបានធ្លាក់ចុះមកត្រឹម ៦.៩% ក្នុងឆ្នាំ២០២៤ ដោយស្ត្រីមានផ្ទៃពោះជាង៩៧%នៃអ្នកផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

វឌ្ឍនភាពឆ្ពោះទៅគោលដៅព្យាបាលមេរោគអេដស៍ជាសកល ៩៥-៩៥-៩៥ បានបន្ត៖
* ៩២% នៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានដឹងពីស្ថានភាពរបស់ខ្លួន នៅឆ្នាំ២០២៤ (កើនឡើងពី៨៩% ក្នុងឆ្នាំ២០២៣)។
* ១០០% នៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានដឹងពីស្ថានភាពរបស់ខ្លួន កំពុងស្ថិតក្នុងការព្យាបាល។
* ៩៨% នៃអ្នកដែលកំពុងព្យាបាល មានបន្ទុកមេរោគអេដស៍កម្រិតទាប។

ទោះបីជាមានភាពជឿនលឿនទាំងនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន។ ការឆ្លងថ្មីនៅតែមានកម្រិតខ្ពស់ក្នុងចំណោមប្រជាជនគន្លឹះៗ រួមមានបុរសដែលរួមភេទជាមួយបុរស អ្នកបំប្លែងភេទ ស្ត្រីក្នុងសេវាកម្សាន្ត និងអ្នកដែលប្រើប្រាស់ ឬចាក់គ្រឿងញៀន។ បច្ចុប្បន្ននេះ ៤៤% នៃករណីឆ្លងមេរោគអេដស៍ថ្មីៗ គឺជាយុវវ័យដែលមានអាយុពី១៥ ទៅ ២៤ឆ្នាំ។ និន្នាការមួយគួរឱ្យព្រួយបារម្ភនេះ បណ្តាលមកពីការថយចុះចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ នៅក្នុងចំណោមយុវវ័យ។

លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា «ការឆ្លើយតបនឹងមេរោគអេដស៍ជាតិរបស់យើងត្រូវតែឈរលើសសរស្តម្ភបីគឺ ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ ដែលរំលេចចេញពីគោលការណ៍ណែនាំជាយុទ្ធសាស្ត្រ សំខាន់ៗនៅក្នុងផែនការយុទ្ធសាស្រ្តជាតិលើកទី៦ របស់យើងមានជាអាទិ៍ ការដឹកនាំនៅថ្នាក់ជាតិ និងសហគមន៍ និងភាពជាម្ចាស់ ការតម្រឹមជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងអាទិភាពជាតិ ការធានាចីរភាព កិច្ចសហប្រតិបត្តិពហុវិស័យ អភិក្រមដែលផ្តោតលើមនុស្ស និងសមធម៌ អន្តរាគមន៍ដែលផ្អែកលើភស្តុតាង គណនេយ្យភាព និងតម្លាភាព។ នេះជារបៀបដែលកម្ពុជានឹងឈានទៅសម្រេចគោលដៅក្នុងការបញ្ចប់ជំងឺអេដស៍ ខណៈដែលធានានូវចីររភាពនៃកម្មវិធីមេរោគអេដស៍របស់យើង»។

លោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលរបស់កម្ពុជា ខណៈដែលលោកស្រីគូសបញ្ជាក់ឱ្យមានការប្រុងប្រយ័ត្នអំពីផ្លូវឆ្ពោះទៅមុខ ដោយលើកឡើងថា «កំណាត់ផ្លូវចុងក្រោយ ដើម្បីសម្រេចបានគោលដៅនឹងមិនងាយស្រួលនោះទេ ប៉ុន្តែវាស្ថិតនៅលើដៃរបស់កម្ពុជា។ ការធានាចីរភាពដើម្បីបន្ថយផលប៉ះពាល់ នៃការរាលដាលមេរោគអេដស៍ក៏កាន់តែមានសារៈសំខាន់ទៅទៀត។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្តល់សេវាបង្ការមេរោគអេដស៍រួមបញ្ចូលគ្នា នៅគ្រប់កម្រិតនិងគ្រប់វិស័យ និងតាមរយៈការដោះស្រាយឧបសគ្គនានាដែលបណ្តាលមកពីការមាក់ងាយ និងការរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ អ្នករងផលប៉ះពាល់ ឬអ្នកប្រឈមនឹងមេរោគអេដស៍ កម្ពុជាអាចសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួន និងធ្វើជាគំរូសម្រាប់តំបន់ និងពិភពលោក»។

មានបទអន្តរាគមន៍ក្នុងសន្និសីទខាងលើនេះ លោកស្រី​ ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកទេសរដ្ឋមន្ត្រី អៀង មូលី ដែលបានអញ្ជើញតំណាងកាកបាទក្រហមកម្ពុជា មកចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់មួយនេះ ព្រមទាំងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការបំពេញតួនាទីជាប្រធានកាកបាទក្រហមកម្ពុជាផង និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

លោកស្រី​បានគូសបញ្ជាក់ថា «ឆ្លើយតបចំពោះការងារអេដស៍, កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ គឺធ្វើសកម្មភាពពាក់ព័ន្ធទៅនឹងការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការចូលរួមអនុវត្តផែនការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា បានដើរតួនាទីជាអ្នកស្វែងរកការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ផង និងគ្រួសាររងគ្រោះដោយជំងឺអេដស៍ផង។​ ជាក់ស្តែងសកម្មភាពការងារចាប់តាំងពីឆ្នាំ១៩៩៣ គឺផ្តោតលើអ្នកផ្ទុកមេរោគអេដស៍ក្នុងជួរកងកម្លាំងនគរបាល និងកងទ័ព ដែលបានចុះអប់រំផ្សព្វផ្សាយទប់ស្កាត់ការចម្លងមេរោគអេដស៍ពីប្តីទៅប្រពន្ធ និងពីម្តាយទៅកូន។ ចំពោះការអប់រំផ្សព្វផ្សាយនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែចេញនូវសារលិខិតចំនួន២ ជារៀងរាល់ឆ្នាំ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ព្រមជាមួយនឹងការទទួលយកមកអនុវត្តនូវយុទ្ធសាស្ត្រសូន្យបីរបស់អង្គការសហប្រជាជាតិ គឺសូន្យគ្មានការឆ្លងថ្មីនៃមេរោគអេដស៍ សូន្យគ្មានការរើសអើង និងសូន្យគ្មានការស្លាប់ដោយមិនបានព្យាបាលមេរោគអេដស៍។

ចំពោះការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញនូវភាពជាគំរូដល់មជ្ឈដ្ឋានជាតិ-អន្តរជាតិ តាមរយៈការចុះជួបផ្ទាល់ប្រកបដោយក្តីអាណិតស្រឡាញ់ ជាពិសេសការលើកទឹកចិត្តដល់អ្នកផ្ទុកមេរោគអេដស៍ និងកុមារដែលផ្ទុកមេរោគអេដស៍ ក៏ដូចជាការចុះផ្ទាល់តាមមន្ទីរពេទ្យនានា។ ចំពោះការងារបន្តរបស់កាកបាទក្រហមកម្ពុជា គឺបន្តអនុវត្តតាមផែនទីយុទ្ធសាស្ត្រ និងចូលរួមជាចរន្តជាតិតែមួយក្នុងការបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា តាមរយៈបន្តអប់រំផ្សព្វផ្សាយក្នុងជួរយុវជន និងប្រជាពលរដ្ឋនៅតាមសហគមន៍ គ្របដណ្តប់ទាំង២៥រាជធានី-ខេត្ត ក៏ដូចជាចូលរួមក្នុងយុទ្ធនាការ ម=ម ជាដើម»។

ដោយឡែក ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ លោកស្រី Winnie Byanima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ បានបង្ហោះនៅក្នុងបណ្តាញព័ត៌មានសង្គម X របស់លោកស្រីថា «ខ្ញុំសូមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងបង្ហាញពីគំរូនៃការមិនរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍»។

លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសើស្បែក និងកាមរោគ បានកត់សម្គាល់ពីសារៈសំខាន់នៃសន្ទុះ ដែលនាំឱ្យមានការឆ្លើយតបប្រកបដោយចីរភាពថា «វឌ្ឍនភាពដែលយើងឃើញ គឺជាលទ្ធផលនៃការប្ដេជ្ញាចិត្ត និងភាពជាដៃគូដ៏រឹងមាំរបស់កម្ពុជា។ ប៉ុន្តែដើម្បីសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្រ្តជាតិទីប្រាំមួយដែលកំណត់ថា ការឆ្លងថ្មីនៃមេរោគអេដស៍ ធ្លាក់តិចជាង២០០ករណីក្នុងមួយឆ្នាំ នៅឆ្នាំ២០២៨ យើងត្រូវពន្លឿនការបង្ការ ពង្រឹងប្រព័ន្ធទិន្នន័យ និងវិនិយោគបន្ថែមទៀត ដើម្បីឈានទៅធ្វើអន្តរាគមន៍ដល់ប្រជាជនគន្លឹះដែលនៅសេសសល់»។

លទ្ធផលនៃការប៉ាន់ប្រមាណ ការឆ្លងរាលដាលមេរោគអេដស៍ថ្នាក់ជាតិឆ្នាំ២០២៥ បញ្ជាក់សារជាថ្មីអំពីជោគជ័យរបស់កម្ពុជាថា ជាជោគជ័យកម្រិតសកល ខណៈដែលយើងគូសបញ្ជាក់អំពីតម្រូវការកាន់តែខ្លាំង លើសកម្មភាពដែលមានគោលដៅកាន់តែស្រួច។ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីមេរោគអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ផែនទីបង្ហាញផ្លូវច្បាស់លាស់ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ៕