(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រិត្យលេខ ៤៧អនក្រ.បក និងសេចក្តីប្រកាសលេខ ៤២២១ប្រក នៅសាលប្រជុំសាលាខេត្តសៀមរាប។

ពិធីនេះ ក្រោមវត្តមានរបស់លោក លី សាលី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ព្រមទាំងមានការនិមន្តចូលរួមពីព្រះសង្ឃ និងលោក លោកស្រី ជាមន្ត្រីនគរបាលទទួលបន្ទុកអត្តសញ្ញាណប័ណ្ណ មន្ទីរ អង្គភាព ពាក់ព័ន អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលឃុំ សង្កាត់ជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក លី សារី បានលើកឡើងថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ សម្រាប់កែទម្រង់លើគ្រប់វិស័យ ក្នុងគោលដៅដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន ដែលឆ្លើយតបទៅនឹងរបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច សម្រាប់ជម្រុញនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «កម្មវិធីនយោបាយ» របស់ខ្លួន និងជាមគ្គុទេសក៍ សម្រាប់តម្រង់ទិសគ្រប់តួអង្គក្នុងគោលដៅ ដើម្បីបន្តរក្សាឲ្យបានរឹងមាំនូវសុខសន្តិភាព និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ចម្រុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែងទៅមុខ តាមរយៈការកែទម្រង់មុតស្រួចលើគ្រប់វិស័យ។

លោកក៏បានលើក អំពីភាពវិជ្ជមាន និងអវិជ្ជមាន ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកន្លងមក។ ការផ្សព្វផ្សាយពេលនេះ ពីការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូប មានអាយុពី១៥ឆ្នាំឡើង មានសិទ្ធិក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនថាគាត់ជាជនវិកលចរិក។ ហើយថ្មីៗនេះ ក្រសួងមានចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ព្រះសង្ឃចាប់ផ្តើមបើកដំបូងនៅវត្តគល់ទទឹងរាជធានីភ្នំពេញ។

លោកបានបន្តថា មូលហេតុដែលរាជរដ្ឋាភិបាលសម្រេចបែបនេះ ដោយសារតែប្រជាពលរដ្ឋខ្មែរទាំងអស់ នៅពេលទៅទិញស៊ីមកាត ក៏ពិបាក ដូចជា៖ ព្រះសង្ឃទិញស៊ីមកាតគេទាមទារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានសម្រេចអនុញ្ញាត្តឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុពី១៥ឆ្នាំឡើង មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើប្រាស់ទាំងអស់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើងរហូតដល់ក្រោមអាយុ៦០ឆ្នាំ សុពលភាព១០ឆ្នាំដដែល តែពីអាយុ៦០ឆ្នាំឡើងឲ្យសុពលភាពអចិន្ត្រៃយ៍នេះ ជាការសម្រេចរបស់រាជរដ្ឋាភិបាល ហើយការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គោលបំណងជារួម គឺបញ្ញាក់អត្តសញ្ញាណ-ប័ណ្ណសញ្ជាតិខ្មែរ ដូចជា៖ ការបំពេញបែបបទចូលរៀន ការបំពេញបែបបទចូលបំរើការងារ ចុះបញ្ជីយានយន្ត ការចុះបញ្ជីអចលន:ទ្រព្យ ការបើកគណនីធនាគារ ការប្រើប្រាស់ផ្សេងៗ។

លោក លី សារី បានធ្វើការវាយតម្លៃខ្ពស់ អំពីលទ្ធផលដែលរដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលអនុវត្តបានលើការបម្រើសេវាសាធារណៈ និងការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយនេះដែរ លោកក៏បានផ្តាំផ្ញើដល់សមាជិកកិច្ចប្រជុំផ្សព្យផ្សាយទាំងអស់ ខិតខំត្រង់ត្រាប់ស្តាប់ និងលើកនូវចម្ងល់ សំណួរ បញ្ហាប្រឈម ដែលជួបប្រទះក្នុងពេលអនុវត្តន៍ជាក់ស្តែង ដើម្បីឲ្យមន្ត្រីជំនាញបកស្រាយឲ្យបានច្បាស់ ក្នុងការយកទៅបំពេញការងារត្រឹមត្រូវតាមច្បាប់ និងតាមនីតិវិធីឲ្យបានទាន់ពេលវេលា ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕