(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះបានធ្វើពិធីប្រគល់ទទួលថវិកាពីមន្ត្រីរាជការ និងសប្បុរសជនក្នុងខេត្ត ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ។ ពិធីនេះធ្វើឡើង នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

បើតាមលោក គ្រុយ ខន ប្រធានការិយាល័យគណនេយ្យសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងពិធីប្រគល់ទទួលថវិកា នៃ «យុទ្ធនាការមួយម៉ឺននាក់ មួយម៉ឺនរៀល» ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផានាឱកាសនេះ គឺរដ្ឋបាលខេត្តទទួលបានថវិកាសរុបចំនួន ២៧០ លានរៀល។

គួរបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជាមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស សំដៅធានាចីរភាព នៃកិច្ចដំណើរការរបស់ មន្ទីរពេទ្យគន្ធបុប្ផា៕