(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថាកម្មវិធី TVET សិក្សារយៈពេលខ្លី ហើយទទួលបានការងារមួយដែលមានប្រាក់ខែសមរម្យ អាចកែប្រែជីវភាពកាន់តែល្អប្រសើរ។
ក្នុងកិច្ចសម្ភាសជាមួយអង្គភាព Fresh News, លោក ស៊ុន មេសា បានគូសបញ្ជាក់ថា៖ «មិនថាបងប្អូនសិក្សាបានត្រឹមថ្នាក់ទី១ក៏ដោយ ទី២ក៏ដោយ ទី៣ក៏ដោយ ទី៤ក៏ដោយ ទី៥ក៏ដោយ ឱ្យតែបងប្អូនចង់ចូលរៀន អាចចុះឈ្មោះរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្រិត C1 បានដែរ»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានរំលេចពីការបែងចែកកាលវិភាគសម្រាប់ការសិក្សា ដែលមានរហូតដល់ទៅ៧វេនសិក្សា ដែលផ្ដល់ជាជម្រើសបន្ថែមជូនដល់ប្រជាពលរដ្ឋ ដែលមានបំណងមកសិក្សា៕