(កំពង់ស្ពឺ)៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក អេង ចំរើន រដ្ឋលេខាធិការតំណាងលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំប្រតិភូក្រសួងប្រជុំពិភាក្សា ស្ដីពីការជំរុញ និងពង្រឹងសមាគម មនុស្សចាស់ឃុំ-សង្កាត់ ទាំង៩ក្រុង-ស្រុក ក្នុងខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្រី ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកស្រី ស្រី លីនណាប្រធានមន្ទីរ ស.អ.យ. ខេត្តកំពង់ស្ពឺ លោក-លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក លោក-លោកស្រីក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ នៃក្រុង ស្រុកទាំង៩ និងក្រុមការងារ នៃនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជនយ៉ាងច្រើនកុះករផងដែរ។
លោក អេង ចំរើន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញដល់ភាគីពាក់ព័ន្ធ ជាពិសេសឃុំ-សង្កាត់ ឱ្យមានការយកចិត្តទុកដាក់បន្ថែមដល់ ការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ-សង្កាត់ ទាំង៩ក្រុង-ស្រុក ក្នុងខេត្តកំពង់ស្ពឺ ជួយដល់មនុស្សចាស់ ឱ្យទទួលបានសេវាថែទាំមនុស្សចាស់ តាមរយៈភ្នាក់ងារដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ និងកាន់តែប្រសើរជាងមុន។
លោករដ្ឋលេខាធិការ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត ជំរុញសម្ទុះកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ព្រមទាំងបានផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលក្នុងនោះ មាននិវត្ដន៍ជនជាមន្ត្រីរាជការស៊ីវិល និវត្តន៍ជនជាអតីតយុទ្ធជន ជនមានពិការភាព និងជនចាស់ជរាក្រីក្រគ្មានទីពឹង តាមរយៈការរៀបចំ និងដាក់ឲ្យអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រសម្រាប់មនុស្សវ័យចាស់ ការផ្តល់សេវាសង្គមកិច្ច និងការបើក ផ្ដល់របបគោលនយោបាយ ព្រមទាំងបានបង្កើតយន្ដការនានា ដើម្បីបង្កើនប្រសិទ្ធភាព និងធានានូវតម្លាភាពក្នុងការអនុវត្តកម្មវិធី។
លោក អេង ចំរើន បានបញ្ជាក់បន្ថែមទៀតថា កិច្ចប្រជុំថ្ងៃនេះ ក្នុងគោលបំណងសំខាន់គឺជួយជំរុញ និងពង្រឹង ឱ្យសមាគមមនុស្សចាស់ឃុំ សង្កាត់ ដែលមិនដំណើរការ ឱ្យដំណើរការប្រសើរឡើងវិញ និងមាននិរន្តរភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅថ្ងៃបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមាន ១៥ចំណុច ត្រង់ចំណុចទី៦ ថ្លែងថា «ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាជំរុញសមាគមមនុស្សចាស់នៅទូទាំងប្រទេសឱ្យដំណើរការ និងមាននិរន្តរភាព» ។
លើសពីនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ បានចុះផ្សព្វផ្សាយ និងបង្កើតសមាគមមនុស្សចាស់នៅតាមឃុំ-សង្កាត់ បានចំនួន ១,៦៤៦ ដែលមានសមាជិកសរុប ២៩៤,៤៤០នាក់ (ស្រី ១៥៣,៧២៥នាក់) ដោយមានកម្មវិធីថែទាំសុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមកនៅពេលមានធុរៈ។
បច្ចុប្បន្ននេះ បញ្ហាប្រឈមដែលតែងតែកើតឡើង ចំពោះមនុស្សចាស់ ជាពិសេសរស់នៅតំបន់ជនបទដាច់ស្រយាល មានជីវភាពក្រលំបាក គឺទទួលបានការថែទាំមានកម្រិត ហើយមនុស្សចាស់ ដែលជាស្ត្រីត្រូវមានបន្ទុកគ្រួសារ ក្នុងការថែទាំចៅៗ ដោយសារឪពុកម្តាយធ្វើចំណាកស្រុកទៅរកការងារធ្វើ ឬដោយសារការលែងលះគ្នា ឬឪពុកម្តាយ ស្លាប់ចោលដោយប្រការផ្សេងៗ។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ជា សុមេធី និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាសេនាធិការ ត្រូវបន្តពង្រឹង ពង្រីកសមាគមមនុស្សចាស់នៅតាមឃុំ-សង្កាត់ ជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់ តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារឱ្យកាន់តែប្រសើរឡើង ជាពិសេសការជំរុញរៀបចំ និងដំណើរការសេវាជនចាស់ជរា ដើម្បីបណ្តុះបណ្តាលភ្នាក់ងារផ្តល់សេវាថែទាំជនចាស់ជរា។
នាឱកាសនោះ លោក អេង ចំរើន ក៏បានអំពាវនាវដល់ លោកស្រីអភិបាលរងខេត្តទទួលបន្ទុក លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រីប្រធានមន្ទីរ ដែលជាអនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្ត សូមជួយពិនិត្យ តាមដាន ជួយកៀរគរមូលនិធិ និងជួយជម្រុញបន្ថែម ដើម្បីឱ្យសមាគមមនុស្សចាស់ ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ស្ពឺ ដែលមិនដំណើរការឱ្យដំណើរការកាន់តែប្រសើរឡើង និងមាននិរន្តរភាព៕