(បាត់ដំបង)៖ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហកាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្រោមការឧបត្ថម្ភពីអាជ្ញាធរមីនកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយស្តីពីការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសេវាកម្មស្តារទំនាក់ទំនងគ្រួសារគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា និងសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា មកពីភូមិចំនួន៤៤ភូមិ ក្នុងឃុំទាំង៦នៃស្រុកសំឡូតសរុប ៥០នាក់ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោក សើ សាម៉េត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំឡូត, លោក មុំ ភិរក្ស នាយករងនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងលោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។ វគ្គនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំឡូត។

លោក សើ សាម៉េត ប្រធានអនុសាខាស្រុក បានជម្រាបឱ្យដឹងថានេះជាលើកទីបីសម្រាប់អ្នកស្ម័គ្រចិត្ត ដែលទទួលបានការបណ្តុះបណ្តាលពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនិងសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ពីកាកបាទក្រហមកម្ពុជា។ អ្វីដែលសំខាន់ នាំឱ្យមានការបើកវគ្គនេះកាកបាទក្រហមកម្ពុជា បានសង្កេតឃើញថាក្នុងភូមិសាស្រ្តស្រុកសំឡូត គឺជាតំបន់ដែលប្រឈមការរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

បន្ថែមពីនេះ លោកអភិបាលស្រុក បានបន្តថាបច្ចុប្បន្ននេះស្រុកសំឡូតមានបងប្អូនជាជនមានពិការភាពសរុប ២,១០៧នាក់ ស្រី ៧៤១នាក់ ក្នុងនោះជាអតីតយុទ្ធជន ១,២១៩នាក់ផងដែរ។

លោក មុំ ភិរក្ស បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាល ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន។

តាមទិន្នន័យរបស់អាជ្ញាធរមីនកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជានៅសេសសល់ដីប្រមាណជា១,៦៥៧គីឡូម៉ែត្រក្រឡា ផ្ទៃដីមានមីនមានទំហំ ៤៦៩គីឡូម៉ែត្រក្រឡានៅភូមិភាគឥសាន្តមានទំហំ ៥០០គីឡូម៉ែត្រក្រឡា ពោរពេញដោយគ្រាប់បែកចង្កោម។ កម្ពុជានឹងរំដោះផ្ទៃដីដែលមានមីនឲ្យអស់នៅឆ្នាំ២០៣០ នឹងរំដោះផ្ទៃដីដែលមានសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រាប់បែកចង្កោមអោយអស់នៅឆ្នាំ ២០៣៥។

អាជ្ញាធរមីន កំពុងរៀបចំគោលនយោបាយជាតិសកម្មភាពមីន២០២៦-២០៣០ ដែលនឹងត្រូវផ្សព្វផ្សាយចែកជូនស្ថាប័នពាក់ព័ន្ធនៅដំណាច់ឆ្នាំ២០២៥ នាពេលខាងមុខនេះផងដែរ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលតាមការគ្រោងទុក ហើយអ្នកស្ម័គ្រចិត្តនិងប្រជាពលរដ្ឋ ដែលមកចូលរួមទទួលបានចំណេះដឹងថ្មីៗ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តសកម្មភាពអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍គោលដៅ និងនៅតាមច្រកព្រំដែនផងដែរ៕