(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។ ជំនួបនេះត្រូវបានធ្វើឡើងនៅសាលសវនាការលោកសន្តិបណ្ឌិត នាអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ដ្រី។
ជាកិច្ចចាប់ផ្ដើម លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទីនៃកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោក Vanlalvawna Bawitlung ដោយបានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា គឺជាមិត្តភាពដ៏យូរអង្វែងដែលមានរយៈពេលប្រហែលជាង៧០ឆ្នាំ ហើយប្រទេសទាំងពីរ មានលក្ខណៈពិសេសស្រដៀងគ្នាលើវិស័យដូចជា អរិយធម៌ សាសនា ទំនៀមទំលាប់ និងវិស័យផ្សេងៗទៀត។
លោកសន្ដិបណ្ឌិត នេត សាវឿន បានរំលឹកថា ប្រទេសឥណ្ឌា បានចូលរួមចំណែកកសាងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម និងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ កម្ពុជា និងឥណ្ឌា ជាគោលដៅទេសចរណ៍ទៅវិញទៅមក ហើយជាពិសេសប្រទេសឥណ្ឌា ក៏ជាគោលដៅសេវាសុខភិបាលសម្រាប់ប្រជាជនកម្ពុជាផងដែរ។
លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងអំពីកិច្ចការដែលលោកទទួលភារកិច្ចក្នុងអាណត្តិនេះ រួមមាន ទទួលបន្ទុកវិស័យសន្តិសុខជាតិ, ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, គណៈកម្មាធិការសន្តិសុខឌីជីថល និងគណៈកម្មការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល។ ដោយឡែក ចំពោះបញ្ហាគ្រឿងញៀន ទាមទារឲ្យកិច្ចសហការបន្ថែមរវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា។
ក្នុងន័យនេះ លោកសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទី បានស្នើឯកអគ្គរដ្ឋទូតឥណ្ឌា ចាត់តាំងមន្ត្រីទំនាក់ទំនងទទួលបន្ទុកបញ្ហាគ្រឿងញៀន ដើម្បីងាយស្រួលក្នុងធ្វើការងារយ៉ាងជិតស្និត ជាមួយភាគីកម្ពុជា។
ជាការឆ្លើយតប លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះការអនុញ្ញាតឲ្យលោកចូលជួបសម្ដែងនាឱកាសនេះ។ លោកយល់ឃើញថា ថ្នាក់ដឹកនាំកម្ពុជាជាបុគ្គលវិជ្ជមាន និងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងកាន់តែប្រសើរ ដោយលោកបានទទួលការកោតសរសើរយ៉ាងខ្លាំង ពីសហការីថា ថ្នាក់ដឹកនាំកម្ពុជា គឺជាមិត្តដ៏ល្អ។
លោកបានបង្ហាញនូវការគាំទ្រ ចំពោះការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាក់ស្តែងបច្ចុប្បន្នឥណ្ឌាមានប្រជាជនជាង១,៤០០លាននាក់ ហើយលោកជឿជាក់ថា ប្រាកដជាមានវត្តមានជនជាតិឥណ្ឌាមកកម្ពុជាកាន់តែច្រើន សម្រាប់បេសកកម្ម ឬមកវិនិយោគ។ លោកជឿជាក់ដែរថា តាមរយៈភារកិច្ចដែលលោកសន្ដិបណ្ឌិត ទទួលបន្ទុក នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត ចំពោះការលើកឡើងរបស់លោកសន្ដិបណ្ឌិតថា ឥណ្ឌាពិតជាដើរតួនាទីសំខាន់ក្នុងវិស័យឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេសជំនាញផ្នែកប្រព័ន្ធ Networks។ ជាក់ស្តែងកាលពីម្សិលមិញ មានក្រុមហ៊ុនដ៏ល្បីរបស់ឥណ្ឌាផ្នែករចនាសម្ព័ន្ធឌីជីថល បានជួបប្រជុំជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំងក្នុងវិស័យនេះ។
លោកក៏បានថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបាននិងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ដោយបានចាត់វិធានការយ៉ាងតឹងរ៉ឹង ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសនេះ។ លោកបានស្នើក្រសួង ឬស្ថាប័នពាក់ព័ន្ធអាចកំណត់អត្តសញ្ញាណវត្តមានរបស់ជនជាតិឥណ្ឌា ក្នុងករណីទាំងនេះ សូមធ្វើការសហការជាមួយស្ថានទូតឥណ្ឌា ដើម្បីរៀបចំនីតិវិធីក្នុងការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសឥណ្ឌាវិញ។
ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកសន្តិបណ្ឌិត នេត សាវឿន បង្ហាញជំហរបង្កើនកិច្ចសហប្រតិបត្តិការ ចំពោះវិស័យដែលលោកទទួលបន្ទុក និងស្វាគមន៍ជានិច្ច ចំពោះលោកឯកអគ្គរដ្ឋទូត និងសហការី ដោយប្រគល់ភារកិច្ចឲ្យមន្ដ្រីជំនាញ ធ្វើការប្រាស្រ័យទាក់ទងគ្នាផ្ទាល់។ លោកបានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលបានបើកវគ្គបណ្ដុះបណ្ដាលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសូមគាំទ្រចំពោះការបំពេញភារកិច្ចរបស់លោកឲ្យទទួលជោគជ័យ នៅប្រទេសកម្ពុជា។
ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ លោកសន្ដិបណ្ឌិតបញ្ជាក់ថា ដោយថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន និងលោកអនុប្រធាន ហើយបន្តការគាំទ្រ និងសហការនៅពេលមានបទលើ្មសពាក់ព័ន្ធនឹងជនជាតិឥណ្ឌាកើតឡើង តាមអ្វីដែលលោកឯកអគ្គរដ្ឋទូតបានស្នើសុំ៕