(ជប៉ុន)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន តាមការរៀបចំ និងសម្របសម្រួលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន នាថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៥ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ចូលជួបសម្តែងការគួរសមជាមួយលោក FURUKAWA Yasushi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន (MLIT) រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកការងារផ្លូវដែក ឡូជីស្ទីក និងគ្រប់គ្រងយានយន្តផងដែរ។
ក្នុងជំនួបនេះលោកស្រី កុយ សុដានី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះការបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនដល់កម្ពុជា ពិសេសការគាំទ្រដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ JICA លើការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុជាច្រើន ដែលក្នុងនោះរួមមានដូចជាការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ការអភិវឌ្ឍ និងកែលម្អពង្រឹងសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរៀបចំផែការមេឡូជីស្ទីក និងកំពង់ផែ ជាដើម។
បន្ថែមពីលើនេះលោកស្រី កុយ សុដានី បានជម្រាបជូនលោកអនុរដ្ឋមន្ត្រី ពីគោលបំណងនៃការបំពេញបេសសកម្មក្រោមគម្រោង CLIP3 និងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ការដំឡើងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ព្រមទាំងចក្ខុវិស័យ និងការងារអាទិភាពរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងអាណត្តិថ្មីនេះផងដែរ។
ជាមួយគ្នានេះលោកស្រី កុយ សុដានីបានស្នើដល់ភាគីជប៉ុន បន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពលើការងារផ្លូវដែក ឡូជីស្ទីក និងការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ព្រមទាំងបានស្នើនូវគំនិតផ្តួចផ្តើមក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសកម្ពុជា (MPWT) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន (MLIT) ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃក្រសួងទាំងពីរ។
ជាការឆ្លើយតប លោក FURUKAWA Yasushi បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើជាដៃគូដ៏ល្អរបស់ប្រទេសជប៉ុននិងចំណាប់អារម្មណ៍ខ្ពស់របស់លោកស្រីប្រធានគណៈប្រតិភូកម្ពុជា ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោក FURUKAWA Yasushi បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំ MoU សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ដោយលោកបានគូសបញ្ជាក់ថា ភាគីជប៉ុននឹងចាត់ឱ្យក្រុមការងារបច្ចេកទេសរបស់ខ្លួនធ្វើការទំនាក់ទំនងជាមួយភាគីកម្ពុជា ដើម្បីពិភាក្សាលម្អិតលើការរៀបចំខ្លឹមសារ MoU នេះសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យផ្សេងៗរួមទាំង ការកសាងសមត្ថភាព និងការជួយអភិវឌ្ឍគោលនយោបាយផងដែរ ដើម្បីចូលរួមការអភិវឌ្ឍនៅកម្ពុជាបន្ថែមទៀត៕