(តាកែវ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគបាលខេត្តតាកែវ ត្រូវអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឹងម៉ាត ក្នុងនោះត្រូវទប់ស្កាត់ឲ្យបានចំពោះរថយន្តដឹកទំនិញសំពីងសំពោង។
លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា កន្លងមកមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋចំពោះអាជ្ញាធរថា បានបណ្ដែតបណ្ដោយឲ្យមានការដឹកទំនិញសំពីងសំពោង តាមរថយន្តកែច្នៃខុសបច្ចេកទេស ដែលមានទ្រុងខ្ពស់ៗយកទៅដឹកទំនិញ និងនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។
លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា «បើសមត្ថកិច្ចទប់ស្កាត់ការដឹកទំនិញសំពីងសំពោងមិនបានទេ វានឹងក្លាយទៅជាបញ្ហាអនាធិបតេយ្យ ហើយអ្នកដែលត្រូវប្រជាពលរដ្ឋរិះគន់មុនគេ គឺចៅហ្វាយខេត្ត ដូច្នោះត្រូវយកច្បាប់មកអនុវត្តន៍ដោយគ្មានមនោសញ្ចេតនាព្រោះមនោសញ្ចេតនានិងច្បាប់គឺខុសគ្នា»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក វ៉ី សំណាង, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគបាលខេត្តតាកែវ បានប្ដេជ្ញាចិត្តទប់ស្កាត់ឲ្យអស់ ចំពោះរថយន្តដឹកទំនិញសំពីងសំពោងចាប់ពីថ្ងៃនេះតទៅ ហើយប្រសិនបើលោកធ្វើមិនបានទេ លោកសន្យាថា នឹងចុះចេញពីតំណែងជាស្នងការនគបាលខេត្តតាកែវ៕