(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានណែនាំក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេសសមាជិក-សមាជិកាគណបក្សនៅមូលដ្ឋាន ត្រូវចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។
ការថ្លែងបែបនេះរបស់លោកបណ្ឌិត សម តារា ក្នុងឱកាសដែលលោកបណ្ឌិតបានអញ្ជើញ ជួបសំណេះសំណាលជាមួយគណៈអចិន្ត្រៃយ៍គណបក្ស ស្រុកចន្ទ្រា នៅស្នាក់ការគណបក្សស្រុក ដើម្បីពិនិត្យមើល លទ្ធផលនៃការមកពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវិមាត្ររបស់ប្រជាពលរដ្ឋ ព្រមទាំងវឌ្ឍនភាពការងារគណបក្ស នៅក្នុងស្រុកចន្ទ្រា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
បន្ថែមពីនេះ លោកបណ្ឌិតសម តារា បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ឲ្យមានតម្លាភាព និងគណនេយ្យភាព ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិត សម តារា ក៏បានជំរុញដល់អាជ្ញាធរត្រូវណែនាំដល់ប្រជាពលរដ្ឋ ដែលមានកូនចៅគ្រប់អាយុបោះឆ្នោត សូមទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយបន្តទៀត។
ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បានឧបត្ថម្ភក្រុមការងារចូលរួមសរុបថវិកា ១,៤០០,០០០រៀលផងដែរ៕