(កណ្តាល)៖ ផ្លូវបេតុងចំនួន៧ខ្សែ ប្រវែងសរុប ៤,១៣៨ម៉ែត្រ ស្ថិតនៅឃុំចំនួន០៣ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលអនុវត្តការសាងសង់ដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ត្រូវបានក្រុមការងារអន្តរ ក្រសួងដឹកនាំដោយលោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម ដោយមានការអញ្ជើញចូលរួមតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងសាងសង់លូចំនួន ២គម្រោង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលោកបណ្ឌិត នួន ដាញ៉ិល បានឱ្យដឹងថា បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើន ទៅមុខបន្ថែមទៀត ដោយបានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»

ទន្ទឹមនឹងនោះ លោកបណ្ឌិត បានបញ្ជាក់បន្ថែមផងដែរថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង។ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ១០០% នៅឆ្នាំ ២០៣០។

ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យ មានការរីកចម្រើន ជាពិសេសការពង្រឹងតួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ។ ការពង្រឹងស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

គម្រោងដែលបានចុះពិនិត្យរួមមាន៖

*គម្រោងទី១៖ ការស្ថាបនាផ្លូវក្រាលបេតុងចំនួន ៤ខ្សែ ប្រវែងសរុប ២ ១៧៥ម ទទឹង ៥ម កម្រាស់ ០,១៥ម (ខ្សែទី១ និងទី២ ប្រវែងសរុប ៧២៥ម ស្ថិតនៅភូមិឈូក និងភូមិសន្លង ឃុំសន្លង, ខ្សែទី៣ ប្រវែង ៧០០ម នៅភូមិស៊ីធរលិច និងភូមិពព្យុង ឃុំស៊ីធរ និងខ្សែទី៤ ង្សទី៤ ប្រវែង ៧៥០ម ស្ថិតនៅភូមិតាកែវ២ និងភូមិស្វាយមាស ឃុំវិហារសួគ៌) និងផ្លាកឈ្មោះផ្លូវចំនួន ៤កន្លែង ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
*គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០៣ខ្សែ ប្រវែងសរុប ១ ៩៦៣ម ទទឹង ៥ម និង៦ម កម្រាស់ ០,២ម ចិញ្ចើមផ្លូវសងខាងក្រាលថ្មម៉ិច ទទឹងម្ខាងៗ ០,៥ម សាងសង់លូប បង្ហូរទឹកសងខាងផ្លូវ ប្រវែងសរុប ៩៨០ម (ម្ខាងប្រវែង ៤៨៥ម និងលូ ប កាត់ទទឹងផ្លូវ ប្រវែង ១០ម) និងផ្កាក់ឈ្មោះផ្លូវចំនួន ០៣កន្លែង ស្ថិតនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ភូមិឈូក ឃុំសន្លង នឹងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាលៃ ខេត្តកណ្តាល៕