(ភ្នំពេញ)៖ ក្រោយមានការអំពាវនាវពីលោក ដាញ់ ហុង ដែលជាអ្នកបង្កើតហ្វុនអក្សរយូនីកូដ និងជាខ្មែរកម្ពុជាក្រោមមួយរូប និងលោក សឿង សុធានី ប្រធានសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា បានធ្វើឱ្យពលរដ្ឋកម្ពុជាក្រោម អ្នកប្រកបអាជីវកម្ម និងជំនួញ កម្ពុជា-វៀតណាម ងាកមកសាកល្បងប្រើប្រាស់ បណ្ដាញទំនាក់ទំនង CoolApp យ៉ាងច្រើនគួរជាទីចាប់អារម្មណ៍។
ការអំពាវនាវរបស់ខ្មែរកម្ពុជាក្រោមដ៏មានឥទ្ធិពល ទាំង២រូបនេះ បានធ្វើឡើងនៅក្រោយពេលដែរ ក្រសួងបច្ចេកវិទ្យាវៀតណាម បានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់ Telegram ហើយរាយការណ៍មកក្រសួងត្រឹមថ្ងៃទី២ ខែមិថុនា។ ឯកសារនេះបានបង្ហាញថា ក្រសួងកំពុងធ្វើសកម្មភាពក្នុងនាម នាយកដ្ឋានសន្តិសុខអ៊ីនធឺណិតរបស់ប្រទេស បន្ទាប់ពីប៉ូលិសបានរាយការណ៍ថា ៦៨% នៃបណ្តាញ Telegram និងក្រុមចំនួន ៩,៦០០ នៅក្នុងប្រទេសបានបំពានច្បាប់ ដោយលើកឡើងពីការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និង «ករណីដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើភេរវកម្ម» ក្នុងចំណោមសកម្មភាពខុសច្បាប់ដែលធ្វើឡើងតាមរយៈកម្មវិធីនេះ។
ជុំវិញករណីនេះ បានធ្វើឱ្យ Telegram នៅពេលបច្ចុប្បន្ននេះ មិនអាចប្រើប្រាស់បានឡើយនៅក្នុងទឹកដីនៃប្រទេសវៀតណាម។
បើតាមលោក ដាញ់ ហុង ដែលជាអ្នកបង្កើតហ្វុនអក្សរយូនីកូដ និងជាខ្មែរកម្ពុជាក្រោមមួយរូប បានសរសេរនៅលើបណ្ដាញសង្គមរបស់លោកថា៖ « Zalo ល្បីនៅវៀតណាម តែពិបាកប្រើនៅកម្ពុជា កន្លងមកអ្នកនៅវៀតណាមរកស៊ីឆ្លងដែនជាមួយកម្ពុជាពឹងលើ Telegram ឥឡូវ Telegram មានបញ្ហាទៀត។ ដល់ពេលសាក CoolApp ម្ដងមើល»។
សូមជម្រាបថា CoolApp គឺជាបណ្តាញទំនាក់ទំនងតែមួយគត់របស់កម្ពុជា CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។ គិតមកដល់ពេលនេះ CoolApp មានអ្នកប្រើប្រាស់កើនរហូតដល់ជាង៥០ម៉ឺននាក់ហើយ។ បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp អាចប្រើប្រាស់ជុំវិញពិភពលោក ជាពិសេសបំផុតនោះគឺអាចប្រើប្រាស់នៅប្រទេសចិន ដោយសេរី មិនត្រូវការកម្មវិធីជំនួយ VPN នោះទេ៕