(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឲ្យលោក ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងលោកស្រី អមដំណើរដោយសហការីនៃស្ថានទូត ចូលក្រាបថ្វាយបង្គុំគាល់ និងថ្វាយនូវអង្ករ ដែលជាពូជស្រូវក្នុងស្រុករបស់កម្ពុជាផ្ទាល់ ចំនួន៣តោន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

ការថ្វាយអង្ករនេះ ដើម្បីចូលរួមដង្ហែរ តាមព្រះរាជសកម្មភាពសប្បុរសធម៌របស់ទ្រង់ ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រជួបការលំបាក នៅក្នុងវរោកាស នៃព្រះរាជពិធីចម្រើនព្រះជន្ម ៧២ ឈានចូល៧៣ព្រះវស្សា នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ និងក្នុងឱកាសនៃការអបអរសាទរខួបគម្រប់៧៥ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ៕