(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រសួង និងក្រុមហ៊ុន Plug and Play បានរៀបចំពិធីសម្ពោធជាផ្លូវការនៃការបង្កើតការិយាល័យ Plug and Play កម្ពុជា ដែលប្រព្រឹត្តឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Plug and Play នៅតំបន់ Silicon Valley សហរដ្ឋអាម៉េរិក ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Saeed Amidi នាយកប្រតិបត្តិនិងជាស្ថាបនិករបស់ក្រុមហ៊ុន Plug and Play ដោយមានការចូលរួមពីអភិបាលក្រុង Sunnyvale នៃតំបន់ Silicon Valley អភិបាលរងក្រុង Busan តំណាងក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល។

ក្រសួងបញ្ជាក់ថា ផ្អែកលើកិច្ចសហប្រតិបត្តិការនេះ ការិយាល័យ Plug and Play កម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍ និងជំរុញសហគ្រិនភាព និងនវានុវត្តន៍ឌីជីថលស្តង់ដាអន្តរជាតិមួយ សំដៅរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា អោយកាន់តែប្រសើរឡើង និងជំរុញកម្ពុជាក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលឈានមុខមួយ ក្នុងតំបន់តាមរយៈ៖

១៖ ការជួយបណ្តុះបណ្តាល ពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលតាមកម្មវិធីស្តង់ដាអន្តរជាតិ ដែលរៀបចំដោយអ្នកជំនាញពីក្រុមហ៊ុន Plug and Play ផ្ទាល់។
២៖ ការនាំធុរកិច្ចថ្មីកម្ពុជាដែលមានសក្តានុពលទៅកាន់ទីផ្សារក្នុងតំបន់និងសកល។
៣៖ ការបង្កើនឱកាសចាប់យកវិនិយោគទុនជូនដល់ធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យកាន់តែទូលំទូលាយ។
៤៖ ការពង្រីកបណ្ដាញទំនាក់ទំនងជាមួយដៃគូអាជីវកម្ម សាកលវិទ្យាល័យ និងគ្រូបង្គោលរបស់ក្រុមហ៊ុន Plug and Play ដ៏សម្បូរបែបពីតំបន់ Silicon Valley អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។
៥៖ ការផ្តល់ឱកាសចូលរួមក្នុងសកម្មភាពនានា ដូចជា កម្មវិធីកម្មសិក្សា (Internship Program) កម្មវិធីប្រឹក្សាយោបល់ (Mentorship Program) និងសិក្ខាសាលានានា ដល់ធុរកិច្ចថ្មីឌីជីថលនិងនិស្សិតកម្ពុជា នៅក្រុមហ៊ុន Plug and Play និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យានានានៅតំបន់ Silicon Valley។

លើសពីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងគាំទ្រដល់ការិយាល័យ Plug and Play កម្ពុជា ក្នុងការបង្កើតកម្មវិធីនានាដើម្បីលើកកម្ពស់បរិវត្ដកម្មឌីជីថលនិងនវានុវត្ដន៍ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ជាពិសេសការផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាអាចទាក់ទាញការបណ្តាក់ទុនវិនិយោគ និងពង្រីកអាជីវកម្មទៅកាន់ទីផ្សារតំបន់និងសកល តាមរយៈបណ្តាញរបស់ក្រុមហ៊ុន Plug and Play ដែលមានការិយាល័យនៅជាង ៦០កន្លែងទូទាំងពិភពលោក និងក្រុមហ៊ុនបច្ចេកវិទ្យានិងដៃគូអាជីវកម្មជាង៥៥០ក្រុមហ៊ុន។

នៅក្នុងពិធីសម្ពោធនេះ គណៈប្រតិភូកម្ពុជាក៏បានធ្វើបទបង្ហាញអំពី (១) ការកសាងទំនុកចិត្តតាមរយៈបច្ចេកវិទ្យាឌីជីថលនិងថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថលរបស់កម្ពុជា និង (២) សួនឌីជីថលរបស់កម្ពុជា ព្រមទាំងបានចូលរួមកិច្ចពិភាក្សាលើប្រធានបទ (១) ការវិនិយោគនៅកម្ពុជានិងការងារជាមួយធុរកិច្ចថ្មីឌីជីថល និង (២) នវានុវត្តន៍រដ្ឋាភិបាលនិងបរិវត្តកម្មឌីជីថលនៅកម្ពុជា៕