(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងផ្ដាំសួរសុខទុក្ខ ដល់កងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងអស់នៅជួរមុខ ក្នុងនោះក៏សូមអំពាវនាវ ដល់កាកបាទក្រហមនៅខេត្តព្រះវិហារ ជួយដល់ជនភៀស​សឹក ដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

ការថ្លែងផ្ដាំសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចថ្លែងសារពិសេស ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «សូមផ្ដាំផ្ញើរសួរសុខទុក្ខដល់កងទ័ព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងការពារនៅតាមព្រំដែន ផ្ញើរសួរសុខទុក្ខជាមួយប្រជាជនទាំងអស់នៅតាមព្រុំដែន សូមរក្សាភាពនឹងន៎រ ប៉ុន្ដែត្រូវប្រុងប្រយ័ត្ន និងសូមឲ្យខេត្តព្រះវិហារ ដែលមានកាកបាទក្រហមជួយទ្រទ្រង់ ជួយមើលការខុសត្រូវចំពោះជនភៀសសឹក ដែលត្រូវបានជម្លៀសចេញ មកដាក់នៅទីតាំងផ្សេងៗ ដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ»

ក្នុងនោះផងដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវបន្ថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា ជួយឧបត្ថមដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់នៃខឿន ការពារជាតិរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមជួយផ្គត់ផ្គង់បន្ថែមដល់កងទ័ព ជាការពិតណាស់យើងមិនខ្វះនោះទេ ប៉ុន្ដែនេះជាការបង្ហាញពីសន្ដានចិត្ត ដើម្បីបញ្ជាក់ពីខឿនការពារជាតិរបស់ប្រជាជន»