(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រី-វិស័យលើកទី៤ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដែលរៀបចំឡើង និងសម្របសម្រួលដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានវត្តមានពីសំណាក់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំលើកទី៤នេះ បានរៀបចំឡើងនៅទីស្ដីការក្រសួងកសិកម្ម និងមានការអញ្ជើញចូលរួម ពីប្រតិភូនៃក្រុមការងារអន្ដរក្រសួង និងមន្ដ្រីជំនាញនៃក្រសួងទាំង៣ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
*របៀបវារៈទី១៖ ការត្រួតពិនិត្យលើរបាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រី-វិស័យ (បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៣)
*របៀបវារៈទី២៖ ការធ្វើបទបង្ហាញសង្ខេបស្តីពីសេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំរំកិល (២០២៥-២០២៧)
*របៀបវារៈទី៣៖ ការរៀបចំ «ក្របខ័ណ្ឌយុទ្ធសាស្ត្រ/ផែនការយុទ្ធសាស្ត្រត្រី-វិស័យ» រយៈពេល៥ឆ្នាំ
*របៀបវារៈទី៤៖ ការពិភាក្សារៀបចំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីលើកទី៥។
ក្នុងកិច្ចប្រជុំ សហប្រធានទាំង៣ បានពិនិត្យនិងពិភាក្សាលើបញ្ហាការប្រឈម និងបានដាក់ចេញនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដើម្បីសម្រេចបានលទ្ធផលកាន់តែប្រសើរឡើង ក្នុងគោលបំណងពិនិត្យនិងតាមដានវឌ្ឍនភាព នៃការអនុវត្តសកម្មភាពរួមគ្នារបស់ក្រុមការងារត្រី-វិស័យ សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍ តាមរយៈការពង្រឹងនូវសហថាមពល នៃការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពរួមគ្នា ដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹកនិងភូមិគំរូ ដោយបង្កើតសហគមន៍រួមគ្នា ការរៀបចំរចនាសម្ព័ន្ធ និងផែនការអនុវត្តរួមគ្នា ដើម្បីធានានូវប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ នៃការងារក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕