(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានរំលឹកអំពីក្បួនសឹក ក្នុងការវាយតទល់ជាមួយទាហានថៃ ក្នុងសង្គ្រាមដណ្តើមប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨។
សម្តេចបានរំលឹកថា ពេលនោះ មានមន្ត្រីថៃជាន់ខ្ពស់ម្នាក់ឈ្មោះ សិទ្ធិ លីមថងគុល ចង់វ៉ៃសម្រុកចូលដើម្បីដណ្តើមយកប្រាសាទអង្គវត្តរបស់ខ្មែរ ដើម្បីដូរយកប្រសាទព្រះវិហារដែលក្បែរព្រំដែន ដែលពិបាកក្នុងការវាយលុកចូល។ សម្តេចបញ្ជាក់ថា យុទ្ធសាស្ត្របញ្ជាទ័ពបែបនេះ នឹងត្រូវវាយផ្តាច់ដោយកងទ័ពកម្ពុជាតែម្តង ហើយមិនអាចទទួលបានជោគជ័យឡើយ។
តាមរយៈវីដេអូមួយ ថ្លែងការណ៍ពិសេសពីស្ថាប័នព្រឹទ្ធសភា សម្តេចតេជោ បានលើកឡើងថា «(មន្ត្រីថៃជាន់ខ្ពស់ម្នាក់)ថា យើងត្រូវតែវ៉ៃៗៗ វ៉ៃយកអង្គរវត្ត រួចហើយ ចាំដោះដូរជាមួយប្រាសាទព្រះវិហារ ខ្ញុំ(សម្តេចតេជោ) បានបញ្ជាទៅកងទ័ព ទៅ ប៉ុល សារឿន ប្រាប់ថា សម្រាប់តំបន់ប្រាសាទព្រះវិហារពីមុំបីចូលមកដល់តាមាន់ តាក្របី អូស្មាច់ ត្រូវទប់ឱ្យជាប់ នៅកន្លែងហ្នឹង ដាច់ខាតអត់ឱ្យចូលទេ ប៉ុន្តែបើហ៊ានវ៉ៃខាងថ្មពួក វ៉ៃខាងប៉ោយប៉ែត បើគេចង់ចូល បើកឱ្យចូលមក»។
សម្តេចបានបញ្ជាក់បន្តថា៖ «ខ្ញុំបង្ហាញពីយុទ្ធសាស្ត្ររបស់ខ្ញុំ ហេតុអ្វីបានជាត្រូវបើកឱ្យចូល ទី១៖ បញ្ជាក់ថា អ្នកឯងកំពុងវាយចូលដីរបស់ខ្ញុំហើយ ឱ្យពិភពលោកបានឃើញ ទី២៖ កងទ័ពកាលណា នៅមិនទាន់ពង្រាយទេ កងទ័ពនៅក្រាស់ ប៉ុន្តែកាលណាពង្រាយភ្លាម គឺកងទ័ពដូចខ្សែយឺតអីចឹង កងទ័ពថៃត្រូវស្តើង បើស្តើងកងទ័ពយើង ត្រូវវ៉ៃកាត់ចូលតែម្តង»។
សម្តេចបានថ្លែងថា មន្ត្រីថៃជាន់ខ្ពស់ម្នាក់ ដែលចង់វ៉ៃយកអង្គរវត្តដូរជាមួយប្រាសាទព្រះវិហារនេះ មិនស័ក្តិសមជាមន្ត្រីថៃជាន់ខ្ពស់ម្នាក់ទេ ប៉ុន្តែបើសិនជាមន្ត្រីថៃជាន់ខ្ពស់ម្នាក់នោះហ៊ានវ៉ៃមែនោះ នឹងចូលក្នុងយុទ្ធសាស្ត្ររបស់សម្តេចតែម្តង គឺអនុញ្ញាតឱ្យចូល ដើម្បីគោលដៅ២យ៉ាង ទី១៖ ប្រាប់ទៅពិភពលោកថា អ្នកឯងកំពុងវ៉ៃចូលដីកម្ពុជា ទី២៖ ឱ្យកងទ័ពថៃស្តើងដើម្បីវ៉ៃស្កាត់ក្នុងទឹកដីកម្ពុជា។
ទោះជាយ៉ាងនេះក្តីសម្តេចបានរំលឹកថា ទោះបីជាជម្លោះ៤ឆ្នាំ ក៏យើងមិនបានធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀតទេ។ ការប្រយុទ្ធគ្នាពេលនោះ នៅត្រឹងត្រឹមវត្តកែវសិក្ខាគិរីស្វរៈ និងប្រាសាទព្រះវិហារ ប៉ុន្តែឆ្នាំ២០១១ បានរីករាលដាលមកដល់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។
សម្តេចបញ្ជាក់បន្តទៀតថា៖ «អីចឹងយើងក៏ត្រូវបម្រុងទុកនូវការឡើងកងទ័ពរបស់យើង នៅកម្លាំងខ្លាំង មិនខ្លាំងហួសហេតុទេ ប៉ុន្តែត្រៀមបម្រុងក្រែងញាក់ឆ្វេងវ៉ៃស្តាំ យើងមិនប្រហែសទេ»៕
</p