(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៤ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា ប្រធានបទទិវាកុមារអន្តរជាតិ ១ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥នេះ និងប្រធានបទទិវាពិភព លោកប្រឆាំងពលកម្មកុមារ ១២ មិថុនាខាងលើ គឺដើម្បីជំរុញការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់ កុមារ ក៏ដូចជាការការពារពីគ្រប់ទម្រង់ទាំងអស់នៃពលកម្មកុមារ និង គាំពារកុមារឱ្យទទួលបានការចិញ្ចឹម បីបាច់ ផ្តល់ភាពកក់ក្តៅពីគ្រួសារ ទទួលបានការអប់រំ និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ។

តាមរយៈទិវាដ៏មានសារៈសំខាន់នេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចផ្តល់នូវអនុសាសន៍មួយចំនួនដូចតទៅ៖

១- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល លើការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយ និងពង្រឹង ការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព និងជំរុញដំណើរការ អនុម័តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣៩

២- ក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណា ព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ ប្តូរឥរិយាបទសង្គម តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួម គ្នាបង្ការ ការពារ អន្តរាគមន៍ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាព ឱ្យបានសម ស្របទាន់ពេលវេលា និងបង្កើនការចូលរួមរបស់កុមារ និងយុវជនឱ្យបានគ្រប់កម្រិត ជាពិសេស ផ្តល់ឱកាសដល់កុមារ ចូលរួមផ្តល់ធាតុចូលរាល់ពេលរៀបចំសេចក្តីព្រាងច្បាប់ គោល នយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងពួកគាត់

៣- ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ត្រូវចូលរួមលើកកម្ពស់ការយល់ដឹងពី អត្ថប្រយោជន៍និងហានិភ័យចំពោះកុមារក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយផ្សព្វផ្សាយ ដល់កុមារនិងយុវជន មាតាបិតា អ្នកថែទាំ រួមទាំងកម្លាំងសេវាសង្គម ជាពិសេសដាក់បញ្ចូល មេរៀនអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ និងឯកជន

៤- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តអនុសញ្ញាស្នួល នៃអង្គការអន្តរជាតិខាងការងារ ដើម្បី លុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ រួមមានការលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងពង្រឹងវិធានការអធិការកិច្ចក្នុងការដកហូតកុមារពីទម្រង់ពលកម្ម

៥- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ រៀបចំពិធីអបអរទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានផុលផុស

៦- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តផ្សព្វ ផ្សាយឱ្យបានទូលំទូលាយអំពីការការពារកុមារពីការជួញដូរ ការកេងប្រវ័ញ្ចគ្រប់ទម្រង់ អំពើ ហិង្សា និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ និងពង្រឹងគុណភាពនៃការផលិតកម្មវិធី សម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ

៧- ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ត្រូវអនុវត្តសារាចររបស់រាជរដ្ឋាភិបាល លេខ ០៦ ស.រ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការអនុវត្តអនុសាសន៍របស់គណៈកម្មា ធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ តាមរយៈការដាក់បញ្ចូលអនុសាសន៍ពាក់ព័ន្ធទៅក្នុង ផែនការយុទ្ធសាស្ត្រ និងផែនការប្រចាំឆ្នាំរបស់ខ្លួន ដើម្បីឱ្យការអនុវត្តអនុសាសន៍ប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល។

ក្នុងឱកាសនោះលោក គីម សុវណ្ណឌី អគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា ការប្រារព្ធពិធីមីទ្ទិញថ្ងៃនេះ គឺជាឱកាសមួយ នៃការអបអរសាទរដោយក្តីសេចក្តីសប្បាយរីករាយ និងជាការ បង្ហាញពីសារៈសំខាន់នៃក្តីស្រឡាញ់ចំពោះកុមារ ដែលជាដំណាក់កាលដ៏សំខាន់នៃជីវិត។ ទិវានេះ ជាការរម្លឹកអំពី សិទ្ធិដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) របស់អង្គការសហប្រជាជាតិ ដែលក្នុងនោះ រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និងសិទ្ធិក្នុងការចូលរួម។ ទិវាកុមារ គឺជាការលើក កម្ពស់ការយល់ដឹងអំពីបញ្ហាដែលប៉ះពាល់ដល់កុមារ ដូចជា អំពើហិង្សា ភាពក្រីក្រ បញ្ហាចំណាកស្រុក ពលកម្មកុមារ និងការរំលោភបំពាននានា ជាពិសេសជំរុញដល់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសហគមន៍ឱ្យចាត់វិធានការ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនានាលើសកលលោក តែងតែប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍ទិវាកុមារអន្តរជាតិ ១មិថុនា ដើម្បីរំលឹកនូវសោកនាដកម្មនៃការកាប់សម្លាប់ យ៉ាងឃោរឃៅមកលើស្ត្រី និងកុមារ ពីពួកហ្វាសស៊ីសអឺក្លែរ នៅភូមិលីឌីសែ ប្រទេសឆេក និងភូមិអ៊ូរ៉ាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២។ ការប្រារព្ធទិវានេះក៏ជាការ បង្ហាញនូវឆន្ទៈដ៏មោះមុត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារគ្រប់ ទម្រង់ ជំរុញការលើកកម្ពស់ និងការអនុវត្តសិទ្ធិកុមារ ដើម្បីការអភិវឌ្ឍរបស់កុមារដែលជាធនធានដ៏សំខាន់ នៅក្នុងសង្គម៕