(សៀមរាប)៖ លោក ហ្វីលីព កៅ ប្រធានក្លឹបទេសចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញក្ដីសង្ឃឹមថា ការផ្លាស់ប្ដូរពីរដូវកាល low season មកជារដូវកាលបៃតង (Green season) នឹងនាំឲ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញ ក្នុងរដូវនេះ។
លោក ហ្វីលីព កៅ បញ្ជាក់បែបនេះ ក្នុងឱកាសដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីជាង១០ស្ថាប័ន ធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» នៅលើទឹកដីអង្គរ ក្នុងខេត្តសៀមរាប រយៈពេល៣យប់៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់៣០ ខែឧសភាឆ្នាំ២០២៥។
ប្រធានក្លឹបទេសចរណ៍ខេត្តសៀមរាប លើកឡើងយ៉ាងដូច្នេះថា «ជាការចាប់ផ្ដើម ប្រាកដហើយថា លទ្ធផលមិនអាចរំពឹងឲ្យបានខ្លាំងក្លាទុកនោះទេ ប៉ុន្តែសង្ឃឹមថា ឆ្នាំនេះយើងធ្វើហើយឆ្នាំក្រោយយើងនឹងបន្តធ្វើទៀត ហើយមានចំណុចពិសេសៗដើម្បីផ្សព្វផ្សាយ»។
លោក កៅ ហ្វីលីព បានណែនាំ ដល់ភ្ញៀវទេសចរណ៍ទាំងអស់ មិនគួរមើលរំលងខេត្តសៀមរាប ជាពិសេសតំបន់ប្រាសាទអង្គរវត្ត ដែលមានបរិស្ថានល្អ ភាពស្រស់ស្អាត ភាពបៃតង សូម្បីតែនៅផ្លូវធ្វើដំណើរទៅកាន់តំបន់អង្គរ ក៏មានភាពស្រស់ស្អាត និងទាក់ទាញផងដែរ។
ប្រធានក្លឹបទេសចរណ៍ខេត្តសៀមរាប បន្ថែមថា ក្រៅពីទស្សនាធម្មជាតិខៀវស្រងាត់ក្នុងរដូវកាលបៃតងរួច ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទស្សនាផ្ទះឈើបុរាណខ្មែរដែលសម្បូរបែបជាច្រើននៅក្នុងខេត្តសៀមរាប ជាការស្វែងយល់បន្ថែមអំពី វប្បធម៌ អរិយធម៌ ដ៏ផូរផង់របស់កម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ហ្វីលីព កៅ មិនគួរផ្សព្វផ្សាយត្រឹមក្នុងប្រទេសនោះទេ ប៉ុន្តែគួរផ្សព្វផ្សាយទៅដល់ក្រៅប្រទេសឲ្យកាន់តែទូលាយបន្ថែមទៀត ដើម្បីភ្ញៀវទេសចរអន្តរជាតិបានយល់ដឹងអំពី ភាពស្រស់ស្អាតក្នុងរដូវកាលបៃតងរបស់ប្រទេសកម្ពុជា៕