(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ប្រកបដោយប្រសិទ្ធភាព និងសន្ដិវិធី។

បើតាមលោក ហ៊ុន ម៉ានី, ក្នុងឱកាសនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងមុខងារសាធារណៈ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពដែលបាន និងកំពុងកើតមានឡើងនៅតាមបន្ទាត់ព្រំដែន និងត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតី និងខ្លឹមសារដែលបានបញ្ជាក់ជូនជនរួមជាតិពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

តាមរយៈបណ្ដាញសង្គម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ ដោយបង្ហាញនូវជំនឿយ៉ាងដូច្នេះថា «គ្រប់ពេលយើងទាំងអស់គ្នា ពិតជាមានការជឿជាក់លើសមត្ថភាពរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព និងសន្តិវិធី ក្រោមស្មារតីសន្តិភាព ហើយសង្ឃឹមថា ស្ថានភាពនឹងវិលត្រឡប់ទៅធម្មតាវិញឆាប់ៗ ដើម្បីជាផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ»

ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី និងសហការី ក៏បាននូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រូវីរៈភាពដ៏អង់អាចហានក្លារបស់កងកម្លាំងប្រដាប់អាវុធយើងគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងឈរជើងនៅគ្រប់ទិសទី ក្នុងបេសកកម្មការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង៕