(ភ្នំពេញ)​៖ ករណីវាយគ្នាបន្តិចបន្តួចនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ឈានដល់ការចូលខ្លួនដោះស្រាយតាមសម្រួល និងបំភ្លឺនៅប៉ុស្តិ៍នគរបាលចតុមុខ ខណ្ឌដូនពេញ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែឧសភា ​ឆ្នាំ២០២៥នេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០២៥នេះ, លោកស្រី ទូច សុភ័ស អាយុ៤៧ឆ្នាំ ត្រូវជាភរិយាលោក ជា វុទ្ធី (ចុងបណ្ដឹង) និងលោក ឡុង សំអឿន ត្រូវជាបងប្រុសលោក ឡុង ណន (ចុងបណ្ដឹង) បានឲ្យដឹងថា ក្រោយទទួលបានដំណឹងពីករណីភាគីបង្កជម្លោះ បានដាក់ពាក្យប្ដឹង, គាត់ទាំង២នាក់ បានចូលខ្លួនដោះស្រាយតាមសម្រួលនៅប៉ុស្តិ៍នគរបាលចតុមុខ ប៉ុន្តែមិននឹកស្មានថា ខ្លួនត្រូវសមត្ថកិច្ចបញ្ជូនមក តុលាការសោះឡើយ ដ្បិតថាអ្នកទាំង២អះអាងប្រាប់សាច់ញាតិថា រឿងនេះមិនមែនកើតឡើងដោយគ្មានជនបង្កនោះទេ ពោលគឺភាគីម្ខាងទៀត (ដើមបណ្ដឹង) បានយកកង់បីរបស់ខ្លួនមកបាំងផ្លូវគេឡើងច្រាំង ហើយខ្លួនបានសុំឲ្យ កង់បីចៀសផ្លូវបន្តិច ប៉ុន្តែម្ចាស់កង់បីនោះ បានប្រើសំដីគ្រោតគ្រាតមើលងាយមកកាន់អ្នកទាំង២នាក់ ហើយក៏កើតជាជម្លោះពាក្យសំដី​ឈានដល់ការទង្គិចគ្នាបន្តិចបន្តួចរបួសស្រាលទាំងសងខាង។

ដោយឡែកសម្រាប់ពាក្យថា វាយទម្លាក់ទឹកទន្លេ ហាក់មិនសមទំនងសោះ ព្រោះគូរទំនាស់ច្រានគ្នាដួលលើច្រាំងទន្លេ មិនមែនវាយឲ្យធ្ងន់ ហើយចាប់ទម្លាក់ទន្លេដូចការចុះផ្សាយតាមបណ្តាញសង្គមនោះឡើយ។

សាច់ញាតិខាងលើ បានទទូចស្នើសូមឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ មេត្តាពិចារណាដោះលែងអ្នកទាំង២នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដ្បិតថារឿងនេះមានរងើគទើបមានភ្លើង បានន័យថា ម្ចាស់កង់បី សំដីត្រគោះបោះបោកដាក់ពួកគាត់មុន ដោយពួកគាត់គ្រាន់តែសុំផ្លូវឡើងច្រាំងប៉ុណ្ណោះ ប៉ុន្តែត្រូវបានភាគីកង់បី​ប្រើសំដីខ្លាំងៗ និងស្រែកថា «ពួកហ្អែងប្រញ៉ាប់ទៅណា?» និងពាក្យប្រមាថផ្សេងទៀត ដែលជាហេតុបណ្ដាលឲ្យ ប៉ះសំដីគ្នា ហើយឈានដល់ការប៉ះទង្គិចគ្នាបែបនេះ។

ទោះយ៉ាងណាសាច់ញាតិទាំង២រូប នៅតែអះអាងថា ខ្លួននឹងចូលដោះស្រាយតាមសម្រួល និងមិនគេចវេសឡើយ ព្រោះរឿងនេះវាមិនធ្ងន់ធ្ងរ ហើយពួកខ្លួននឹងចរចាជាមួយភាគីដើមបណ្ដឹងលើករណីនេះ។

សូមជម្រាបថា ករណីហិង្សាទៅវិញទៅមកនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានកើតឡើងនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ៕