(ភ្នំពេពញ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី«ជំនាញពន្ធដារសម្រាប់សហគ្រាសសាធារណៈ» គោលបំណងពង្រឹងសមត្ថភាពផ្នែកសារពើពន្ធជូនដល់សហគ្រាសសាធារណៈ ដើម្បីពង្រឹងនិងធានាឱ្យសហគ្រាសសាធារណៈទាំងអស់បំពេញអនុលោមភាពឱ្យបានពេញលេញចំពោះច្បាប់ស្ដីពីសារពើពន្ធនៅកម្ពុជា
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើង ក្រោមធអិបតីភាព លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកនាយកសាលាជាតិពន្ធដារ, សិក្ខាកាមដែលជាមន្ត្រីត្រួតពិនិត្យរដ្ឋអមសហគ្រាសសាធារណៈ និងសិក្ខាកាមកំពុងបម្រើការងារនៅតាមសហគ្រាសសាធារណៈទាំង ២៦ ដែលជាអគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន, ប្រធាន-អនុប្រធានផ្នែក ឬប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីជំនាញទទួលបន្ទុកការងារគណនេយ្យ និងហិរញ្ញវត្ថុ សរុបមានសិក្ខាកាមចូលរួមចំនួន ៩៣រូប។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើង ដោយមានការសម្របសម្រួលរវាងក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមានការគាំទ្រថវិកាពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសិក្ខាកាមនឹងទទួលការបណ្ដុះបណ្ដាលផ្ទាល់នៅសាលាជាតិពន្ធដារ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
លោកបណ្ឌិត អៀង ស៊ុនលី បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងជាពិសេសដាច់ដោយឡែកពីកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗ ដែលសាលាជាតិពន្ធដារកំពុងផ្ដល់ការបណ្ដុះបណ្ដាលបច្ចុប្បន្ន។ ក្នុងន័យនេះ ការបណ្ដុះបណ្ដាលរយៈពេលខ្លីនេះ ពិតជាឆ្លើយតបនឹងតម្រូវការពង្រឹងសមត្ថភាពមន្ត្រីកំពុងបំរើការងារនៅតាមសហគ្រាសសាធារណៈបច្ចុប្បន្ន ដែលចំណេះដឹង និងជំនាញទទួលបានពីវគ្គបណ្ដុះបណ្ដាលរយៈពេល ៥ថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងប្រសិទ្ធភាពការងាររបស់សហគ្រាសសាធារណៈ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានពេញលេញស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះជាកម្មវិធីបណ្ដុះបណ្ដាលលើកទី៣ ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈនៅកម្ពុជា ដែលក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈបានសម្របសម្រួលរៀបចំ ដើម្បីពង្រឹងសមត្ថភាពរបស់សហគ្រាសសាធារណៈ។
ក្នុងឆ្នាំ២០២៤ វគ្គបណ្ដុះបណ្ដាលចំនួន២ ត្រូវបានរៀបចំជាបន្តបន្ទាប់ រួមមានជាអាទិ៍៖ វគ្គបណ្ដុះបណ្ដាលលើកទី១ ត្រូវបានរៀបចំជាពិសេសសម្រាប់រដ្ឋាករទឹកទាំងអស់ដែលទើបក្លាយជាសហគ្រាសសាធារណៈ ដោយផ្ដោតលើការបញ្ជ្រាបការយល់ដឹងអំពីលក្ខន្ដិកៈរបស់សហគ្រាសសាធារណៈ និងការគ្រប់គ្រងអាជីវកម្ម, និងវគ្គបណ្ដុះបណ្ដាលលើកទី២ ត្រូវបានរៀបចំឡើង ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងមានការចូលរួមជាវាគ្មិនពីជំនាញការបារាំង ដែលផ្ដោតលើការបង្កើនការយល់ដឹងអំពីអភិបាលកិច្ចសាជីវកម្មនៃសហគ្រាសសាធារណៈ ស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈនៅកម្ពុជា និងជាឧត្ដមានុវត្តន៍ជាអន្តរជាតិ។
តាមកម្មវិធីគ្រោងទុក មុខវិជ្ជាបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃ នឹងផ្ដោតលើប្រភេទពន្ធសំខាន់ៗ ពាក់ព័ន្ធនឹងអាជីវកម្មរបស់សហគ្រាសសាធារណៈ និងផ្សាភ្ជាប់ការបណ្ដុះបណ្ដាលអំពីរបៀបប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចជា ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing), ប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment), ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (TOI e-Filing) ជាដើម ដែលសុទ្ធសឹងជាចំណេះដឹងសំខាន់សម្រាប់បង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់សហគ្រាសសាធារណៈនីមួយៗ ពាក់ព័ន្ធនឹងការបំពេញកាតព្វកិច្ចពន្ធ។
សូមគូសបញ្ជាក់ថា សហគ្រាសសាធារណៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងបរិបទថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន, តួនាទីរបស់សហគ្រាសសាធារណៈកាន់តែមានសារសំខាន់និងមិនអាចខ្វះបាន ដើម្បីផ្ដល់សម្ទុះកំណើនសេដ្ឋកិច្ច និងក្នុងការបង្កើនល្បឿននៃកិច្ចអភិវឌ្ឍសង្គម។
ក្នុងស្មារតីនេះ ការពង្រឹងសហគ្រាសសាធារណៈជាវិធានការកែទម្រង់គន្លឹះមួយរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន រាជរដ្ឋាភិបាល ដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ កំពុងរៀបចំយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលនឹងក្លាយជាឯកសារចង្អុលបង្ហាញការកែទម្រង់ជាយុទ្ធសាស្ត្រ ដើម្បីឈានទៅពង្រឹងបន្ថែមទៀតនូវ អភិបាលកិច្ចសាជីវកម្ម គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មរបស់សហគ្រាសសាធារណៈ ឱ្យស្របតាមការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងឧត្ដមានុវត្តន៍ជាអន្តរជាតិ៕