(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានចេញប្រកាសគាំទ្រទាំងស្រុងចំពោះប្រសាសន៍ថ្លែងការណ៍ពិសេស ក្នុងសម័យប្រជុំព្រឹទ្ធសភា លើកទី៣ នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលបានគូសបញ្ជាក់ពីបទពិសោធន៍ ការវាយតម្លៃសភាពការណ៍ដ៏ត្រឹមត្រូវ ប៉ិនប្រសប់ ដោះស្រាយបញ្ហាប្រកបដោយជោគជ័យ នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសជិតខាង កាលពីឆ្នាំ២០០៨។
តាមរយៈសារលិខិតរបស់ រដ្ឋសភាបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋកម្ពុជាពិតជាមានសំណាងយ៉ាងក្រៃលែង ដែលមាន សម្តេចតេជោ ជាអគ្គមគ្គុទេសក៍ និងជាអគ្គមេបញ្ជាការកងទ័ពប្រកបដោយជំនាញ និងពោរពេញដោយបទពិសោធន៍ច្បាស់លាស់ មានមនសិកាស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ដ៏ជ្រាលជ្រៅ ស្មោះត្រង់ បានលះបង់អ្វីៗគ្រប់យ៉ាង យកជីវិតជាដើមទុនក្នុងបុព្វហេតុប្រជាពលរដ្ឋនិងប្រទេសជាតិ។
សុខសន្តិភាព ស្ថិរភាពសង្គមនៅកម្ពុជា បាននិងកំពុងការពារយ៉ាងមោះមុតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជាឥស្សរជនបន្តវេន ពោរពេញដោយថាមវន្ត មនសិការស្នេហាជាតិ មានឆន្ទៈមុតស្រួចការពារបូរណភាពទឹកដី លើកកម្ពស់សុខសន្តិភាព វិបុលភាព មានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងខ្សែបន្ទាត់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាឧត្តមប្រយោជន៍ជាតិយូរអង្វែងតរៀងទៅ។
រដ្ឋសភា មានជំនឿយ៉ាងមុតមាំលើចំណាត់ការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។ បើទោះបីជា សម្តេចធិបតី កំពុងបំពេញបេសកកម្មនៅក្រៅប្រទេសយ៉ាងណាក្តី ក៏ សម្តេច បានកំពុងយកចិត្តទុកដាក់ជាទីបំផុត តាមដានសភាពការណ៍ ដែលបានកើតមាន និងបានដាក់ចេញ វិធានការដោះស្រាយបញ្ហានេះ ជាមួយភាគីពាក់ព័ន្ធដោយសន្តិវិធី មានជំហរម៉ឺងម៉ាត់ធានាការពារឱ្យបានជាដាច់ ខាតនូវបូរណភាពទឹកដី ក៏ដូចជាការពារអាយុជីវិតពលរដ្ឋកម្ពុជា។
ជាថ្មីម្ដងទៀត រដ្ឋសភា សូមអំពាវនាវដល់បងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះ ឱ្យធំរហូតក្លាយទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមពលរដ្ឋជនរួមជាតិទាំងអស់ មានការជឿជាក់លើការដោះ ស្រាយរបស់រាជរដ្ឋាភិបាលរបស់យើង៕