(កណ្ដាល)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោក សំ ផាត ព្រមទាំងក្រុមគ្រួសារសព ចំពោះមរណភាព អនុសេនីយ៍ទោ ផាត មុន្នី អនុប្រធានក្រុមប្រតិបត្តិការ ប្រចាំតំបន់ម៉ាឡាកាល់ នៃកងអនុសេនាធំ រាជអាវុធហត្ថលេខ៨៧២ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលបានពលីកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២០៖៥០នាទី ក្នុងជន្មាយុ ៣៤ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

សពត្រូវបានដឹកត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ និងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តសីសទីបមូលីយារាម (ហៅវត្តក្បាលកោះ) ស្ថិតក្នុងសង្កាត់កោះឧកញ៉ាតី ក្រុងអិយក្សត្រ ខេត្តកណ្តា។

ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ លោកអគ្គលេខាធិការរងទី២ បានប្រគល់នូវសាររំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមគ្រួសារនៃសព ដែលមានខ្លឹមសារថា «ខ្ញុំ និងសហការី សូមចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យពន់ពេក ជាមួយនិងឧបាសិកា ចំពោះការបាត់បង់ កូនជាទីស្រឡាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចរិយាធម៌ គោរពប្រណិប័តន៍ចំពោះ ឪពុក ម្តាយ ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់។ ការលាចាករបស់ អនុសេនីយ៍ទោ ផាត មុន្នី ជាការបាត់បង់វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកនាំសុខសន្តិភាព មិនត្រឹមតែជូនជាតិ ប្រជាជននៃសាធារណរដ្ឋស៊ូដង់ខាងត្បូងប៉ុណ្ណោះទេ តែមានគុណតម្លៃចំពោះសន្តិភាពពិភពលោកទាំងមូល»

សូមជម្រាបថា ក្នុងឱកាសចូលរួមរំលែកទុក្ខគ្រួសារសពខាងលើនេះ កាកបាទក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនចូលរួមរំលែកទក្ខជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ទោ ផាត មុន្នី បានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕