(សៀមរាប)៖ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទឹក និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ក្រោយរីងទឹកអស់រយៈពេល៥០០ឆ្នាំ អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធធារាសាស្រ្តឡើងវិញ។

ថ្លែងក្នុងជំនួបជាមួយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» នៅលើទឹកដីអង្គរ លោក ភឿន សុឃីម បញ្ជាក់បន្ថែមថា ការស្ដារប្រព័ន្ធធារាសាស្រ្តឡើងវិញបានជួយឲ្យប្រជាពលរដ្ឋមានទឹក ប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសទឹកជំនន់ និងជួយទ្រទ្រង់គ្រឹះប្រាសាទផងដែរ។

ប្រធាននាយកដ្ឋានទឹកនៃអាជ្ញាធរជាតិអប្សរា លើកឡើងយ៉ាងដូច្នេះថា «ក្នុងរដូវវស្សាក្រុងសៀមរាបលិចទឹក ៣ទៅ៤ដងក្នុងមួយឆ្នាំ ប៉ុន្តែចាប់ពីឆ្នាំ២០១២មក អាជ្ញាធរជាតិអប្សរាបានជួសជុល និងស្ដារប្រព័ន្ធធារាសាស្ត្រមួយចំនួនឡើងវិញ ដែលអាចទប់ស្កាត់ និងបញ្ចៀសទឹកជំនន់បាន នៅក្នុងក្រុងសៀមរាបក៏ដូចជាតំបន់ប្រាសាទ»។

លោកបន្តថា បើគិតមកទល់ពេលបច្ចុប្បន្នមាន រយៈពេល១៣ឆ្នាំហើយដែលក្រុងសៀមរាប ក្នុងរដូវវស្សាលែងមានទឹកជំនន់ ហើយប្រជាពលរដ្ឋខ្លះសឹងតែភ្លេចទៅហើយថា ខេត្តសៀមរាបពីមុនជួបប្រទះ និងទឹកជំនន់ដែលនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រចាពលរដ្ឋនិងប្រាង្គប្រាសាទ។

បើតាមលោក ភឿន សុឃីម, ការស្ដារឡើងវិញគឺធ្វើតាមលំនាំផ្លូវទឹកបុរាណដែលមានស្រាប់។ លោកបន្តថា យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញទឹក ទឹកនៅតំបន់អង្គរមានពិតជាមានសារៈសំខាន់ខ្លាំង មិនត្រឹមតែសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ​ និងដោះដូរទឹកជំនន់នោះទេ ពោលគឺអាចទ្រទ្រង់ប្រាសាទធំៗដែលជាសម្បត្តិបេតិកភណ្ឌជាតិបានផងដែរ។

ប្រាសាទធំៗនៅតំបន់អង្គរ បានសាងសង់ដោយស្រទាប់ខ្សាច់ ដូច្នេះទាមទារឲ្យមានប្រព័ន្ធទឹកនៅខាងក្រោម ដើម្បីពង្រឹងគ្រឹះប្រាសាទនាំឲ្យដង់ស៊ីតេហាប់ណែន ព្រោះប្រាសាទមានអាយុកាលរាប់ពាន់ឆ្នាំ និងមានទម្ងន់រាប់ពាន់តោនដែលបណ្ដាលឲ្យប្រាសាទងាយទ្រុឌទ្រោម បើគ្មានប្រព័ន្ធធារាសាស្រ្ត។ នេះបើតាមការបញ្ជាក់របស់ លោក ភឿន សុឃីម។

ប្រធាននាយកដ្ឋានទឹកនៃអាជ្ញាធរជាតិអប្សរា អះអាងថា តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៥នេះ ការស្ដារឡើងវិញនៃប្រព័ន្ធធារាសាស្ត្រសម្រេចបាន ៩០%ហើយ ពោលគឺ៩៣គីឡូម៉ែត្រ។ លោកថា ក្រោយបញ្ចប់ផែនការនេះជោកជ័យទាំងស្រុងនោះ ខេត្តសៀមរាប នឹងអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ បើទោះជាភ្ញៀវទេសចរកើនឡើងច្រើនយ៉ាងណាក្ដី៕