(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខកងកម្លាំង ប្រដាប់អាវុធដែលកំពុងឈរជើងការពារព្រំដែន នៅឃុំមរតក ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ពិធីជួបសំណេះសំណាលនេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា និងថៃ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកអភិសន្ដិបណ្ឌិត ស សុខា ជូនដល់កងកម្លាំងទាំងអស់ទាំងនគរបាល និងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរយ៉ាង រឹងមាំការពារដែនអធិបតេយ្យជាតិ បូរណភាពទឹកដី និងត្រៀមទទួលអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

នាយឧត្តមសេនីយ៍ ស ថេត បានក្រើនរំលឹកដល់កម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវសហការជាមួយបណ្ដាអង្គភាពកម្លាំងប្រដាប់អាវុធផ្សេងទៀត បង្កើនការល្បាតតាមបន្ទាត់ព្រំដែនដោយយកចិត្តទុកដាក់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី៕