(ពោធិ៍សាត់)៖ កូនឈើលម្អ ចំនួន៣ប្រភេទ រួមមានកូនឈើក្ងោក ជ្រេស និងចារ ចំនួន២០០ដើម របស់ស្ថានីយ៍ផ្សព្វផ្សាយ អភិរក្ស និងដាំស្តារព្រៃឈើដំណាក់ត្រយឹង នៃមន្ទីរបរិស្ថានខេត្ត ត្រូវបានលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាំយកទៅដាំនៅតាមដងផ្លូវ ក្នុងភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ដល់វិស័យបរិស្ថានបៃតង និងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា កូនឈើចំនួន២០០ដើម មានកូនឈើក្ងោក ជ្រេស និងចារ បើតាមការគ្រោងទុក គឺត្រូវការកូនឈើតាមអមសងខាងផ្លូវក្នុងភូមិ ទាំង១៤ខ្សែ មានប្រវែងជិត៦០គីឡូម៉ែត្រ ក្នុងនោះផ្លូវចូលភូមិ១ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ផ្លូវទទឹងក្នុងភូមិ៥ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ និងផ្លូវបណ្តោយក្នុងភូមិ៨ខ្សែ ប្រវែងជាង៤០គីឡូម៉ែត្រ ត្រូវដាំកូនឈើប្រមាណ២០,០០០ដើម។ សម្រាប់ការចាប់ផ្តើមដំបូងក្នុងការដាំកូនឈើតាមអមសងខាងផ្លូវ មានចំនួន២០០ដើម គឺកូនឈើក្ងោក កូនឈើជ្រេស និងកូនឈើចារ ហើយការដាំនេះទៀតសោធ ត្រូវដាំឱ្យមានរបៀប រៀបរយតាមបន្ទាត់ ដាំឱ្យរស់ ដាំឱ្យមានសោភណ្ឌភាព មិនដាំយកបរិមាណ និងគ្មានគុណភាពនោះឡើយ។
លោកបន្តថា ការដាំនេះក្នុងគោលបំណងដើម្បីប្រែក្លាយភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ជាភូមិគម្រូ ឱ្យក្លាយទៅជាបៃតង និងឆ្លាតវៃនាពេលអនាគត ដែលសាកសមជាភូមិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយការដាំកូនឈើនេះ គឺពិតជាមានសារៈប្រយោជន៍សម្រាប់សង្គមជាតិយើង និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់មនុស្សសត្វលើភពផែនដីនេះ។
លោក ខូយ រីដា បានបង្ហាញដោយប្តេជ្ញាថា ការដាំដើមឈើនៅក្នុងភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹងត្រូវអនុវត្តជាជំហានៗ និងត្រូវដាំគ្រប់តាមដងផ្លូវ សាលារៀន មន្ទីរពេទ្យ ទីសាធារណៈ និងវត្តអារាម គឺជាផ្នែកមួយក្នុងការបណ្ដុះគំនិតដល់យុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចេះស្រឡាញ់ព្រៃឈើ រួមគ្នាថែរក្សាព្រៃឈើ ដើម្បីជួយកាត់បន្ថយការឡើងកម្ដៅក្នុងសហគមន៍ ក៏ដូចជាការជួយលើកកម្ពស់សោភ័ណភាពក្នុងភូមិទាំងមូល ឱ្យមានភាពបៃតងស្រស់ គ្រប់រដូវកាលថែមទៀតផង។
លោកអភិបាលខេត្ត បានរម្លឹកឱ្យដឹងថា កន្លងមករដ្ឋបាលខេត្ត បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងៗទៀតនៅទូទាំងខេត្ត ដោយបានបង្កើតជាចម្ការ នៅតាមទីសួនសាធារណៈ សាលារៀន វត្ដអារាម រមណីយដ្ឋាន ជាពិសេសអមសងខាងផ្លូវជាតិលេខ៥៥ ត្រង់ចំណុចភ្នំ១៥០០ ឬហៅថាផ្លូវអន្ទង់អាំង ផ្លូវបុផ្ផាលាក់ខ្លួន ដែលកំពុងមានការលូតលាស់បានល្អមកហើយ តែយើងនៅតែមានមហិច្ឆិតាធំ ដើម្បីបន្តធ្វើការដាំដើមឈើបន្ថែមទៀត និងដាំឱ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើទៅបាន។
លោកបានបង្ហាញនូវក្ដីសង្ឃឹមថា បន្ទាប់ពីដាំកូនឈើទាំងនេះរួចរាល់ នឹងមានការចូលរួមថែរក្សាពីម្ចាស់លំនៅឋានផ្ទាល់ និងអាជ្ញាធរមូលដ្ឋានផងដែរ នោះពិតជាមានសម្រស់លូតលាស់កាន់តែស្រស់ស្អាតប្រកបដោយភាពស្រស់បំព្រង នៅតាមដងផ្លូវ និងតំបន់ផ្សេងៗទៀត ដើម្បីទុកជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ៗគ្នា សម្រាប់អ្នកជំនាន់បច្ចុប្បន្ន និងអ្នកជំនាន់ក្រោយៗទៀត ។
សូមបញ្ជាក់ថាស្ថានីយផ្សព្វផ្សាយ អភិរក្ស និងដាំស្តារព្រៃឈើដំណាក់ត្រយឹង នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបណ្តុះកូនឈើចម្រុះ បានជិត៤ម៉ឺនដើម មានទាំងកូនត្នោត កូនឈើព្រៃដូចជា៖ កកោះ បេង ធ្នង់ នាងនួន ច្រេស ក្ងោក ក្រញូង ត្រសេក សំព័រ ស្តុកស្តោ...ជាដើម សម្រាប់ផ្តល់ជូនអាជ្ញាធរខេត្ត ស្រុក ក្រុង សហគមន៍ វត្តអារាម សាលារៀន មន្ទីរពេទ្យ និងប្រជាពលរដ្ឋ យកទៅដាំឱ្យបានគ្រប់ទីកន្លែង៕