(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម និង CPA Australia  នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានសហការជាមួយក្រុមហ៊ុន KPMG (Cambodia) Ltd បានរៀបចំសិក្ខាសាលារួមគ្នា ស្តីពី «បច្ចុប្បន្នភាពស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ» ក្រោមអធីបតីភាព លោក ប៊ូ ថារិនអគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី Ms. Priya Terumalay ប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃស្ថាប័ន CPA Australia និងលោក ង៉ែ ហ៊ុយ ដៃគូជាន់ខ្ពស់ និងជាប្រធានផ្នែកសវនកម្មនៃក្រុមហ៊ុន KPMG (Cambodia) Ltd នៅអគារ Oakwood Premier Phnom Penh។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីបច្ចុប្បន្នភាពថ្មីៗ នៃស្តង់ដា របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ(IFRS) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្ដង់ដាគណនេយ្យអន្តរជាតិ(IASB) និងការអនុវត្តស្ដង់ដាទាំងនេះនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។

បទបង្ហាញនៅក្នុងសិក្ខាសាលានេះ រួមមានប្រធានបទសំខាន់ៗចំនួន២ គឺ៖ បច្ចុប្បន្នភាពនៃស្តង់ដារបាយការណ៍ហិរញ្ញវត្ថុលេខ ១៨ ( Update about IFRS 18) និងកិច្ចពិភាក្សាស្ដីពីបច្ចុប្បន្នភាពនៃរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម (IFRS Update for SMEs) ដែលធ្វើបទបង្ហាញដោយ លោក Ram Subramanian, Financial Reporting Lead Policy & Advocacy, CPA Australia ព្រមទាំងកិច្ចពិភាក្សា។

គួរបញ្ជាក់ផងដែរថា កាលពីខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាស្តង់ដាគណនេយ្យអន្តរជាតិ (IASB) បានចេញផ្សាយនូវស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិលេខ១៨ ដែលនឹងជំនួសស្តង់ដាគណនេយ្យអន្តរជាតិលេខ១ បានណែនាំការផ្លាស់ប្តូរសំខាន់ៗចំពោះលទ្ធផលហិរញ្ញវត្ថុដែលត្រូវបានដាក់បង្ហាញ ជាពិសេសនៅក្នុងរបាយការណ៍ចំណូលពេញលេញ និងចំណេញរក្សាទុក។ ការផ្លាស់ប្តូរទាំងនេះមានគោលបំណងលើកកម្ពស់ការប្រៀបធៀប តម្លាភាព សម្រាប់ការសម្រេចចិត្តរបស់វិនិយោគិន និងភាគីពាក់ព័ន្ធផ្សេងទៀត។

ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ថ្មីៗនេះ ក្រុមប្រឹក្សាស្តង់ដាគណនេយ្យអន្តរជាតិ (IASB) ក៏បានចេញផ្សាយនូវកំណែប្រែលើកទី៣របស់ស្តង់ដា របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលនឹងចូលជាធរមាននៅដើមឆ្នាំ២០២៧ខាងមុខ ស្របពេលជាមួយគ្នានឹងស្តង់ដា IFRS ១៨ ផងដែរ។

ពាក់ព័ន្ធនឹងកិច្ចការនេះ ន.គ.ស បានរៀបចំជាសេចក្តីជូនដំណឹងជូនដល់សាធារណជនទូទៅ ដើម្បីជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការអនុវត្តស្តង់ដាទាំងនេះនៅកម្ពុជាផងដែរ។ ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដែលត្រូវបានអនុម័តជាស្តង់ដាជាតិរបស់យើងសម្រាប់អង្គភាពដែលមិនមានគណនេយ្យភាពជាសាធារណៈ ផ្តល់នូវក្របខណ្ឌអនុវត្តក្នុងការចូលរួមលើកកម្ពស់សង្គតិភាព តម្លាភាព និងកាត់បន្ថយភាពស្មុគស្មាញក្នុងការរាយការណ៍ហិរញ្ញវត្ថុ។

ការអនុវត្តស្តង់ដានេះតម្រូវឱ្យមានការបណ្តុះបណ្តាល ការយល់ដឹង និងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ ដែលកន្លងមក ន.គ.ស បានរៀបចំជាវគ្គបណ្តុះបណ្តាល ស្តីពីស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូចនិងមធ្យម ជូនដល់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងសិក្សាលម្អិតលើបច្ចុប្បន្នភាពលក្ខខណ្ឌតម្រូវនៃស្តង់ដា និងបំពេញតម្រូវការបន្ថែមដើម្បីជាគុណវុឌ្ឍិ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងសម្រាប់ការចូលរួមអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម ដែលអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕