(តាកែវ)៖ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំបី, អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានអំពាវនាវបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងអស់ សូមជួយឧបត្ថម្ភ ជាសម្ភារ ឬថវិការទោះច្រើន ឬតិចតួចក្ដីដល់កងទ័ពដើម្បីបង្ហាញពីការរួបរួមសាមគ្គីភាពគ្នាជាធ្លុងមួយ នៃខឿនការពារជាតិរបស់កម្ពុជាយើង។

ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋជិត១ពាន់នាក់ នៅក្នុងពិធីសម្ភោធផ្លូវមួយខ្សែនៅក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក វ៉ី សំណាង បានបន្តថា វិស័យការពារជាតិយើងមិនអន់ជាង ប្រទេសណានោះទេ ហើយរាជរដ្ឋាភិបាលក៏មិនមានការខ្វះខាតទេលើការទ្រទ្រង់ផ្គត់ផ្គង់សម្ភារលើវិស័យការពារជាតិរួមទាំងការឧបត្ថម្ភការហូបចុកដល់បងប្អូនកងទ័ពយើង ដូចប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប៉ុន្តែការចូលរួមឧបត្ថម្ភរបស់បងប្អូនដល់កងទ័ព វាបានបង្ហាញពីចិត្តស្នេហាជាតិ ស្នេហាទឹកដី ចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយ នៅពេលប្រទេសជាតិជួបបញ្ហា និងជួយលើកតម្កើងដល់ខឿនការពារជាតិយើងឲ្យកាន់តែរឹងមាំថែមទៀត។

នៅក្នុងឱកាសនោះ អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចកាលតែងតែជឿជាក់ និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរាល់ពេលមានបញ្ហាអ្វីកើតឡើង បងប្អូនប្រជាពលរដ្ឋតែងតែធ្វើសកម្មភាពគាំទ្រ លើកទឹកចឹត្ត និងស្ថិតនៅពីក្រោយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា៕