(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងមហាផ្ទៃ បានសហការគ្នាសិក្ខាសាលាផ្សព្វផ្សាយ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងប្រកាសអន្តរក្រសួងស្តីពី ការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ»

ពិធីនេះមានការចូលរួមពីសំណាក់លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្ដិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម, នាយឧត្តមសេនីយ៍ សាន លុច តំណាងក្រសួងមហាផ្ទៃ, លោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីនៃក្រសួងមហាផ្ទៃ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត។

សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមកម្ពុជា និងអត្ថប្រយោជន៍នៃកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្ដីនៃក្រសួងមហាផ្ទៃ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ១០០នាក់។

លោកស្រី ប៉ែន សុបភា បានថ្លែងថា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខក្នុងស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តដឹកនាំនាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខប្រកបដោយនិរន្តរភាពដើម្បីសម្រេចបានចក្ខុវិស័យរយៈពេលវែង ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោកស្រី ប៉ែន សុបភា បានបន្តថា តាមរយៈការដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ កន្លងមក, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ ក្រោមការដឹកនាំតម្រង់ទិសរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។ គិតចាប់តាំងពីឆ្នាំ២០១៧ មក, រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនលើការអនុវត្ត និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាព កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ។

លោកស្រីបានឱ្យដឹងថា ប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលរួមមានកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុន ជាង២ដង ខណៈការគ្របដណ្តប់ពលរដ្ឋបានកើនពីចំនួន ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ ដល់ជាង ៧,៥លាននាក់ ក្នុងឆ្នាំ២០២៤ ដោយក្នុងនោះរបបសន្តិសុខសង្គមបាន និងកំពុងគ្របដណ្តប់ពលរដ្ឋសរុបប្រមាណ ២,៧លាននាក់។

លោកស្រី ប៉ែន សុបភា បានបញ្ជាក់ថា ទិដ្ឋភាពជំនួយសង្គម, គិតត្រឹមដំណាច់ឆ្នាំ២០២៤, កម្មវិធីជាតិជំនួយសង្គម គ្របដណ្តប់លើពលរដ្ឋចំនួន ១,២លានគ្រួសារ ដែលមានសមាជិកចំនួនជាង ៤,៨លាននាក់ (ស្មើនឹងប្រមាណ ២៨% នៃពលរដ្ឋសរុប) ដោយបានចំណាយថវិការដ្ឋ ក្នុងទំហំ ១,១៤០ប៊ីលានរៀល, សមមូលប្រមាណ ២៨៥លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ២០២៤, រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពកម្មវិធីជំនួយសង្គមដែលមានស្រាប់រួមទាំងមូលនិធិសុខាភិបាលដល់ក្រុមគោលដៅដែលជាជនរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាបានដាក់ឱ្យដំណើរការនូវកម្មវិធីថ្មីៗដូចជា៖ កម្មវិធីជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីបន្តជួយគាំទ្រជីវភាពគ្រួសារគោលដៅ និងផ្តល់ឱកាសឱ្យពួកគាត់ អាចស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ។

ដោយឡែកនៅក្នុងទិដ្ឋភាពសន្តិសុខសង្គម គិតត្រឹមដំណាច់ឆ្នាំ២០២៤, របបសន្តិសុខសង្គមមានចំនួន៣ធំៗ បាននឹងកំពុងគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ២,៧លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដោយបានចំណាយថវិកាក្នុងមួយឆ្នាំប្រមាណ ២,២៩៧ប៊ីលានរៀល ស្មើនឹងប្រមាណ ៥៧៤លានដុល្លារអាម៉េរិក, ក្នុងនោះរួមមាន៖ ថវិការដ្ឋចំនួន ៤០៦លានដុល្លារអាម៉េរិក និងថវិកាភាគទានប្រមាណ ១៦៨លានដុល្លារអាម៉េរិក ដែលរបបសន្តិសុខសង្គមទាំងនោះរួមមាន៖ ១) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិត, មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស., ២) របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ, និង៣) របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។

ខណៈដែលប្រព័ន្ធគាំពារសង្គមកាន់តែរីកធំឡើង និងក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយបន្តតម្រង់ទិសសម្រាប់រយៈពេល ១១ឆ្នាំទៅមុខ, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

ក្របខណ្ឌគោលនយោបាយនេះជាការធ្វើបច្ចុប្បន្នកម្ម ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដោយធ្វើការផ្លាស់ប្តូរអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមបែបសរសស្តម្ភ មកជាការអភិវឌ្ឍតាមបែបអភិក្រមហានិភ័យនៃវដ្តជីវិត ដែលពលរដ្ឋនឹងទទួលបាននូវការគាំពារ ចាប់តាំងពីការចាប់កំណើតដំបូងនៅក្នុងផ្ទៃម្តាយ រហូតដល់ដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់មនុស្សម្នាក់ៗស្របតាមហានិភ័យនៃវដ្តជីវិតទាំង៧ រួមមាន៖ មាតុភាព និងហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រក និងជរាភាព និងឧត្តរជីវី។ ក្នុងនោះដែរក្របខណ្ឌគោលនយោបាយ-ជាតិគាំពារសង្គមនេះ ក៏បានកំណត់នូវអន្តរាគមន៍គាំពារសង្គមច្បាស់លាស់ទៅតាមហានិភ័យនៃរដ្តជីវិតទាំង៧ ដែលចាប់ផ្តើមពីហានិភ័យមាតុភាព និងហានិភ័យកុមារភាព៕