(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំសហការីជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់ជនងាយរងគ្រោះខ្វះខាតជីវភាព ចំនួន៨០គ្រួសារ មកពី៥៦ភូមិ នៃ១៤ឃុំ ក្នុងស្រុកស្រីសន្ធរ។
ពិធីនេះបានធ្វើឡើងនៅបរិវេណមុខសាលាស្រុកស្រីសន្ធរ ដោយមានពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ចំនួន៤២គ្រួសារ, ជនមានពិការភាព ចំនួន១០គ្រួសារ, មានជំងឺប្រចាំកាយ ចំនួន១០គ្រួសារ និងទ័លលំបាក ចំនួន១៨គ្រួសារ។
លោក អ៊ុន ចាន់ដា បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់លោកតា លោកយាយ បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងដោយក្តីអាណិតអាសូរ ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយ សម្រាលទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក «កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ដើម្បីឲ្យមានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយជនងាយរងគ្រោះ ទាំង៨០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, មី១កេស, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ និងថវិកា៥០,០០០រៀល៕