(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើពិធីករពិធីការិនី វិទ្យុ ទូរសទ្សន៍រដ្ឋ និងឯកជន ត្រូវធ្វើខ្លួនជាទូតសុឆន្ទៈដោយភ្ជាប់នឹងបេសកកម្មការងារជាមួយសង្គមជាតិ តាមរយៈការជូនសារអប់រំល្អៗ ជូនដល់ទស្សនិកជនរបស់ខ្លួន។
នេះជាការថ្លែងជំរុញរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសលោកបានអញ្ជើញផ្តល់អនុសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសកម្រិតមូលដ្ឋាន លើវិស័យព័ត៌មាន និងសោតទស្សន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សិល្បករ សិល្បការិនី មកពីអង្គភាពព័ត៌មាន និងទូរទស្សន៍រដ្ឋ និងឯកជនជាច្រើនរូប។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើសុំយ៉ាងដូច្នេះថា៖ «នៅពេលដែលយើងឡើងលើឆាកហើយ ផ្តោតតែលើកម្មវិធីមួយហ្នឹង សូមមើលខ្លួនឯងឱ្យលើសពីពិធីករ ពិធីការិនី តែជាទូតសុឆន្ទៈសង្គម ដោយអ្នកទាំងអស់គ្នា ភ្ជាប់ជាមួយនឹងមុខងារជួយសង្គមក្នុងការអប់រំ ដោយនាំសារល្អៗពីក្រសួងស្ថាប័ន បញ្ជ្រាបទៅដល់ទស្សនិកជន។ ឧទាហរណ៍សាររបស់ក្រសួងសុខាភិបាល សារពាក់ពព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រមទាំងសារល្អជាច្រើនទៀតពាក់ព័ន្ធសុខភាព និងចំណេះដឹង»។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បងប្អូនពិធីករ ពិធីការិនី គឺមានឥទ្ធិពលចំពោះទស្សនិកជន ដូច្នេះរាល់ពាក្យសម្តី កាយវិការរបស់ពិធីករ ពិធីការិនី គឺអាចជិះឥទ្ធិលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជាដើម។ ហើយពិធីករ ពិធីការិនី វិទ្យុ ទូរទស្សន៍ មិនមែនជាការលេងទេហើយរឹតតែ មិនមែនងាយទៀត ចំពោះអ្នកនិយាយព័ត៌មាន ព្រោះមិនមែនគ្រាន់តែនិយាយឱ្យលឺនោះទេ ត្រូវមានទាំងសីលធម៌ មានទាំងចំណេះដឹង។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានជំរុញពិធីករ ពិធីការិនី អ្នកអាន និងអធិប្បាយព័ត៌មាន ត្រូវពង្រឹងអក្ខរាវិរុទ្ធខ្មែរ និងក្រមសីលធម៌ ព្រោះអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការចូលរួមលើកកម្ពស់សូរស័ព្ទ និងលើកស្ទួយអក្ខរាវិរុទ្ធខ្មែរ៕