(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកចំណេះដឹង «ជំនាញពន្ធដារសម្រាប់សហគ្រាសសាធារណៈ» នឹងរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាព នៃប្រតិបត្តិការប្រចាំថ្ងៃរបស់សហគ្រាសនៅកម្ពុជា។
នេះជាការលើកឡើងរបស់បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញពន្ធដារសម្រាប់សហគ្រាសសាធារណៈ នារសៀលថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥។
ពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញពន្ធដារសម្រាប់សហគ្រាសសាធារណៈ ក្រោមអធីបតីភាពលោកបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកស្រីនាយករងសាលាជាតិពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, សិក្ខាកាមដែលជាមន្ត្រីត្រួតពិនិត្យរដ្ឋអមសហគ្រាសសាធារណៈ និងសិក្ខាកាមកំពុងបម្រើការងារនៅតាមសហគ្រាសសាធារណៈទាំង ២៦ ដែលជាអគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន, ប្រធាន-អនុប្រធានផ្នែក ឬប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីជំនាញទទួលបន្ទុកការងារគណនេយ្យ និងហិរញ្ញវត្ថុ សរុបមានអ្នកចូលរួមប្រមាណ ១០០រូប។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងដោយមានការសម្របសម្រួល រវាងក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមានការគាំទ្រថវិកាពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលាជាតិពន្ធដារ។
ថ្លែងក្នុងពិធីបិទនេះ, លោកបណ្ឌិត យ៉េត វីណែល បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល ៥ថ្ងៃពេញ ដោយបានយកចិត្តទុកដាក់ខ្ពស់ និងលើកជាសំណួរពិភាក្សា ផ្លាស់ប្ដូរយោបល់យ៉ាងផុលផុស ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីចង់ចេះ ចង់ដឹងរបស់សិក្ខាកាមទាំងអស់។
លោកបណ្ឌិតក៏បានវាយតម្លៃជារួមថា កម្មវិធីបណ្ដុះបណ្ដាលដែលបានរៀបចំឡើង ពិតជាបានឆ្លើយតបនឹងតម្រូវការពង្រឹងសមត្ថភាពមន្ត្រីបច្ចុប្បន្នដែលកំពុងបម្រើការងារនៅតាមសហគ្រាសសាធារណៈ ដោយរំពឹងយ៉ាងមុតមាំថា ចំណេះដឹងដែលទទួលបាននេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងនិងពង្រីកចំណេះដឹង និងការយល់ដឹងអំពីកាតព្វកិច្ចសារពើពន្ធ ដែលសហគ្រាសសាធារណៈត្រូវចូលរួមបំពេញ និងធានាឱ្យបាននូវអនុលោមភាពពេញលេញស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាននៅកម្ពុជា។
លោកបណ្ឌិតបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្ដោតការយកចិត្តទុកខ្ពស់ លើការពង្រឹងការគ្រប់គ្រងសហគ្រាសសាធារណៈ។ ក្នុងស្មារតីនេះ កម្មវិធីបណ្ដុះបណ្ដាលកសាងសមត្ថភាពនេះ គឺជាផ្នែកមួយក្នុងផែនការសកម្មភាពនៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈនៅកម្ពុជា ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងការប្រគួតប្រជែងរបស់សហគ្រាសសាធារណៈ ក្នុងបរិការថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងក្នុងស្ថានភាពថ្មីនៃដំណើរការពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល។
លោកបណ្ឌិតបានរំលឹកផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន ២លើករួចមកហើយកាលពីឆ្នាំ២០២៤ ដោយវគ្គបណ្ដុះបណ្ដាលលើកនេះជាវគ្គបណ្ដុះបណ្ដាលលើកទី៣ ដែលត្រូវបានជាពិសេសដាច់ដោយឡែកពីកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗ របស់សាលាជាតិពន្ធដារ ដោយផ្ដោតលើប្រភេទពន្ធ និងបញ្ហាប្រឈគន្លឹះពាក់ព័ន្ធផ្ទាល់ជាមួយសហគ្រាសរបស់រដ្ឋ។
លោកបណ្ឌិតក៏បានគូសបញ្ជាក់ថា សហគ្រាសសាធារណៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងបរិបទថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន, តួនាទីរបស់សហគ្រាសសាធារណៈកាន់តែមានសារសំខាន់និងមិនអាចខ្វះបាន ដើម្បីផ្ដល់សម្ទុះកំណើនសេដ្ឋកិច្ច និងក្នុងការបង្កើនល្បឿននៃកិច្ចអភិវឌ្ឍសង្គម។ ក្នុងស្មារតីនេះ ការពង្រឹងសហគ្រាសសាធារណៈជាវិធានការកែទម្រង់គន្លឹះ ដែលកម្មវិធីបណ្ដុះបណ្ដាលកសាងសមត្ថភាព ត្រូវបានកំណត់ជាផ្នែកមួយ ក្នុងផែនការសកម្មភាពនៃការកែទម្រង់ ការគ្រប់គ្រងសហគ្រាសសាធារណៈនៅកម្ពុជា ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងការប្រគួតប្រជែងរបស់សហគ្រាសសាធារណៈ ក្នុងបរិការថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងក្នុងស្ថានភាពថ្មីនៃដំណើរការពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងរៀបចំយុទ្ធសាស្ត្រ ស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ដែលឯកសារនេះនឹងក្លាយជាផែនទីចង្អុលផ្លូវការកែទម្រង់ជាយុទ្ធសាស្ត្រ ដើម្បីឈានទៅពង្រឹងបន្ថែមទៀតនូវអភិបាលកិច្ចសាជីវកម្ម គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មរបស់សហគ្រាសសាធារណៈឱ្យស្របតាមការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងឧត្ដមានុវត្តន៍ជាអន្តរជាតិ៕