(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានយាងព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសិក្ខាសាលា ស្តីពីការផ្តល់យោបល់ទៅលើប្រធានបទ «ប្រព័ន្ធគាំពារសង្គម វិស័យកសិកម្ម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កម្មវិធីសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងរាស្រ្ត និងថ្នាក់ដឹកនាំព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិចជាច្រើនរូបផងដែរ។

សិក្ខាសាលានេះ ពិតជាបានមានសារៈសំខាន់ ក្នុងការប្រមូលនូវធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ថ្នាក់នៃគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងប្រមូលនូវសេចក្តីកង្វល់នានារបស់ប្រជារាស្រ្តនៅមូលដ្ឋាន ដើម្បីជាមូលដ្ឋានសម្រាប់ចូលរួមធ្វើបទអន្តរាគមន៍ និងពិភាក្សានៅក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នាពេលខាងមុខ ពិសេសការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសំខាន់ៗជូនជាតិ និងប្រជារាស្រ្ត៕