(ព្រះសីហនុ)៖ យុវជនម្នាក់ដែលក្លែងស្លៀកឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ ត្រូវបានអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រោយពិនិត្យ និងរកឃើញថា បុគ្គលនេះមិនមានឈ្មោះក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថនោះទេ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ការចាប់ខ្លួនបុគ្គលខាងលើធ្វើឡើងបន្ទាប់ពី កងរាជអាវុធហត្ថបានឃើញការផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញព័ត៌មានសង្គម ពាក់ព័ន្ធនឹងបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ។ តាមការពិនិត្យភិនភាគ និងអត្តសញ្ញាណ បុគ្គលនោះមិនមានឈ្មោះ ក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេ។
កងរាជអាវុធហត្ថ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវទើបធ្វើការឃាត់ខ្លួនបុគ្គលនេះ។ បច្ចុប្បន្នបុគ្គលសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកំពុងបន្តអនុវត្តតាមនីតិវិធី៕