(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង បានទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រតិភូស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងប្រតិភូស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ។ ក្នុងជំនួបដែលបានធ្វើឡើងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តបាត់ដំបង។

លោក សុខ លូ បានឱ្យដឹងថា កម្ពុជា-ថៃ ជាប្រទេសភូមិផងរបងជាមួយគ្នា។ ជាក់ស្ដែងខេត្តបាត់ដំបង មានព្រំប្រទល់ជាប់ប្រទេសថៃ ប្រវែងជាង ១៤០គីឡូម៉ែត្រ ដូច្នេះការរក្សាមិត្តភាពជាបងប្អូនពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានសប្បាយរីករាយ។

លោក សុខ លូ បន្តថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ជាមួយខេត្តច័ន្ទបុរីគឺមានភាពល្អប្រសើរ។ ទំនាក់ទំនងល្អនេះកើតចេញពីការជួបជជែកពិភាក្សាគ្នា ដូច្នេះការជួបជជែកគ្នាកាន់តែច្រើន នឹងធ្វើឱ្យមានភាពស្និទស្នាលកាន់តែខ្លាំង។

លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី ថ្លែងឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ គូសបញ្ជាក់ថា ភាគីថៃនឹងទទួលបន្ទុករៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមួយស្ដីពីការបង្រ្កាបអំពើឆបោកតាមអនឡាញដោយមានការចូលរួម និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្លាំងនគរបាលខេត្តច័ន្ទបុរី និងកម្លាំងនគរបាលខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី សង្កត់ធ្ងន់ថា កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី បានត្រៀមខ្លួនជានិច្ចដើម្បីបម្រើកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋខេត្តបាត់ដំបងដែលទៅទស្សនាកម្សាន្ត ឬទៅពិនិត្យព្យាបាលជំងឺនៅខេត្តច័ន្ទបុរី ជាធម្មតាបន្តទៀតផងដែរ៕