(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ជាថ្មីម្តងទៀតពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា ដែលតែងជំរុញឱ្យសមាជិកព្រឹទ្ធសភា ត្រូវមានគណនេយ្យភាពជាមួយនឹងអង្គបោះឆ្នោត ត្រូវតែរកការងារធ្វើឱ្យរវល់ ដោយមិនអាចរង់ចាំការងាររត់មករកវិញនោះទេ។
លោក ជា ធីរិទ្ធ បានលើកឡើងដូចនេះនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព។
លោក ជា ធីរិទ្ធិ លើកឡើងថា គោលដៅរួមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចនឹងធ្វើយ៉ាងណាជំរុញឱ្យសមាជិកព្រឹទ្ធសភាមានគណនេយ្យភាពជាមួយនឹងអង្គបោះឆ្នោត ដែលអង្គបោះឆ្នោតសំដៅលើក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលទទួលបានពីពលរដ្ឋបោះឆ្នោតឱ្យ ហើយពួកគាត់នឹងបន្តបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និយាយឱ្យស្រួលស្តាប់តាមបែបសាមញ្ញថា កុំឱ្យសមាជិកព្រឹទ្ធសភា ទំនេរពេក គឺត្រូវតែធ្វើការដោយសកម្ម។
លោក ជា ធីរិទ្ធិ បញ្ជាក់ដូចនេះថា «សម្តេចតេជោ តែងតែមានប្រសាសន៍ថា ត្រូវតែរកការងារធ្វើ មិនអាចរង់ចាំការងាររត់មករកយើងទេ នេះជាទម្លាប់របស់សម្តេចតេជោ តាំងពីលោកនៅជាអតីតនាយករដ្ឋមន្រ្តី រហូតមកដល់ពេលនេះលោកជាប្រធានព្រឹទ្ធសភា គឺលោកប្រកាន់ជំហរនូវការធ្វើការងារសកម្មបែបហ្នឹង»។
លោក ជា ធីរិទ្ធិ បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន តែងតែធ្វើការងារសកម្មបែបនេះ ទាំងការងារកាទូតសភា ការងារគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដែលជាទម្លាប់របស់សម្តេច ហើយសម្តេចមិននឿយហត់នោះទេ នៅក្នុងទម្លាប់ការងារដែលសកម្មនេះ នៅក្នុងការបំរើប្រជាពលរដ្ឋ៕