(ភ្នំពេញ)៖ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានចាត់ទុកក្រុមពួកជ្រុលនិយមដែលកំពុងរស់នៅជ្រកក្រោមផ្លាកគណបក្សមួយនៅក្នុងប្រទេសកម្ពុជា ដែលបានរស់នៅក្រោមម្លប់សន្តិភាព តែចង់បំផ្លាញសន្តិភាព ចង់បំផ្លាញកម្ពុជាដើម្បីបម្រើឱ្យជនក្បត់ជាតិរត់ចោលស្រុក សម រង្ស៉ី ជាអ្នកនយោបាយសត្វកណ្តៀរ រស់នៅអ្នកផ្ទះណា ស៊ីផ្ទះអ្នកហ្នឹង។

លោក គុជ លី បានលើកឡើងដូចនេះនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំប្រធានគណបក្សនយោបាយ​ក្នុងសម្ព័ន្ធភាព លោក គុជ លី បានលើកឡើងថា សម្ព័ន្ធភាពគណបក្សនយោបាយ គឺបានចូលរួមអភិវឌ្ឍជាតិពេញលេញ ហើយគ្មានសកម្មជនគណបក្សដែលក្នុងសម្ព័ន្ធភាពនេះទៅរួមគប់គិតជាមួយពួកចលនាជ្រុលនិយមនោះទេ ដូចនេះសម្ព័ន្ធភាពនេះ​ស្រលាញ់សន្តិភាព រស់នៅក្នុងសន្តិភាព, ដោកឡែកក្រុមពួកជ្រុលនិយមវិញកំពុងតែរស់នៅក្នុងសន្តិភាព ប៉ុន្តែពួកគេកំពុងបំផ្លាញសន្តិភាព។

ពាក់ព័ន្ធនឹងក្រុមពួកជ្រុលនិយមនេះ លោក គុជ លី បានថ្លែងដូចនេះថា «ខ្ញុំចាត់ទុកថាអ្នកនយោបាយក្រុមនេះ គឺជានយោបាយសត្វកណ្តៀរ ពីព្រោះរស់នៅផ្ទះអ្នកណា ស៊ីផ្ទះអ្នកហ្នឹង ចឹងសម័យសន្តិភាពនេះហើយ ក្រុមជ្រុលនិយមកំពុងនៅក្នុងប្រទេសកម្ពុជា​តាមរយៈគណបក្ស​នៅក្នុងប្រទេសកម្ពុជា សេនារីយោឱ្យពួកជ្រុលនិយមគឺមេក្បត់ជាតិគឺ សម រង្ស៊ី នេះតែម្តង»

លោក គុជ លី បានបន្ថែមថា ពួកជ្រុលនិយមនេះកំពុងរស់នៅបង្កប់ខ្លួននៅក្នុងប្រទេសកម្ពុជា ជ្រកក្រោមគណបក្សមួយដែលកំពុងតែធ្វើសកម្មភាព, ចឹងហើយយើងមើលឃើញថា សម្ព័ន្ធភាពរបស់​គណបក្ស​នយោបាយ មានតួនាទីសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសន្តិភាព ការអភិវឌ្ឍប្រទេស ជាពិសេសគឺតម្លៃសន្តិភាពសម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរ។

ប្រធានគណបក្សខ្មែរតែមួយ បានបញ្ជាក់ទៀតថា ផលលាភនៃសន្តិភាពគឺមានសារសំខាន់ណាស់សម្រាប់ប្រជាជនខ្មែរ និងទូទាំងប្រទេស ហើយតម្លៃសន្តិភាពនៅកម្ពុជា បានក្លាយជាសន្តិភាពគំរូ ដែលជាក់ស្តែង​នៅតំបន់អាស៊ាន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពគំរូ។

ជាមួយគ្នានោះលោក គុជ លី បានបន្ថែមថា យើងមិនអាចមើលស្រាលកម្លាំងជ្រុលនិយមក្បត់ជាតិនេះបានឡើយ ព្រោះកម្លាំងនេះប្រៀបបាននឹងនយោបាយសត្វកណ្តៀរ ព្រោះនយោបាយរបស់ពួកគេ​គឺបានចិញ្ចឹមចិត្ត​បំផ្លាញប្រទេសកម្ពុជា ថ្វីដ្បិតតែពួកគេបានរស់នៅក្នុងម្លប់សន្តិភាព ប៉ុន្តែចិត្តរបស់គេយង់ឃ្នង គឺចង់បំផ្លាញកម្ពុជា៕