(ភ្នំពេញ)៖ លោក ម៉ម សូណង់ដូរ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានផ្ញើសារទៅកាន់ក្រុមអ្នកនយោបបាយជ្រុលនិយមទាំងឡាយដែលតែងតែវាយប្រហារ និងចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដោយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើប្រាស់ព័ត៌មានក្លែងក្លាយ​ និយាយតាមអារម្មណ៍ គឺជាអ្នកនយោបាយអសិរពិស។ បើស្រឡាញ់ជាតិ សូមកុំប្រើនយោបាយជ្រុលនិយមបោកប្រាស់ប្រជាពលរដ្ឋឱ្យសោះ។

ការផ្ញើសារបែបនេះរបស់លោក ម៉ម សូណង់ដូរ បានធ្វើឡើងក្នុងឱកាសលោកធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន៧មករា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។

លោក បានថ្លែងថា អ្នកនយោបាយជ្រុលនិយម គឺតែងតែនិយាយថាអារម្មណ៍ និយាយញុះញង់ គ្មានការពិត គ្មានបទពិសោធន៍ ក្នុងការដឹកនាំប្រទេសជាតិ ប៉ុន្តែ បែរជាគិតថាខ្លួនឯងនិយាយ និងធ្វើត្រូវទៅវិញ។ ដូច្នេះ អ្វីដែលជាចំណោទ អ្នករងគ្រោះ គឺប្រជាពលរដ្ឋដែលស្គាល់ថានយោបាយមានន័យយ៉ាងណានោះ នឹងត្រូវធ្លាក់ក្នុងកលល្បិចនយោបាយជាដើម។

លោក ម៉ម សូណង់ដូរ បានបន្តថា ដើម្បីទប់ស្កាត់កុំឱ្យខ្លួនធ្លាក់ក្នុងអន្ទាក់នយោបាយ គឺត្រូវស្វែងយល់ក្នុងចំណោមអ្នកនយោបាយ ដោយរៀនស្វែងយល់ដោយខ្លួនឯង និងចោទជាសំណួរថា តើអ្នកណាហ្នឹងចង់បានអ្វី?។

លោក ម៉ម សូណង់ដូរ បានបញ្ជាក់ថា អ្នកនយោបាយដែលពូកែនិយាយ និងចោទប្រកាន់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ថាធ្វើនេះមិនត្រូវ ធ្វើនោះមិនត្រូវ គឺជាអ្នកនយោបាយដែលពូកែបោកប្រជាពលរដ្ឋ។

លោក ម៉ម សូណង់ដូរ បានគូសបញ្ជាក់ថា៖ «ខ្ញុំតែងតែអំពាវនាវដល់អ្នកតិចទៀន ដល់រាជរដ្ឋាភិបាល ដែលខ្ញុំហៅថា អ្នកប្រើនយោបាយជ្រុលនិយមហ្នឹង ខ្ញុំចង់ជជែកទល់មុខគ្នា ដើម្បីបានដឹងច្បាស់ថាអ្នកប្រាកដជាអ្នកនយោបាយស្រឡាញ់ជាតិ។ ដូច្នេះ ខ្ញុំនិយាយថា អ្នកដែលចូលចិត្តប្រើប្រាស់ព័ត៌មានមិនពិត តាមអារម្មណ៍ ខ្ញុំជានយោបាយអសិរពិស ធ្វើឱ្យមានពិសពុលដល់សង្គម ហើយគេជំរុញឱ្យពលរដ្ឋងាប់ ដើម្បីគេស្ទួចយកអំណាច ប៉ុន្តែ អ្នកទាំងនោះអនាគតមិនល្អនោះទេ»៕