(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងការពារជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធ នាំយកសារលិខិតរំលែកទុក្ខ ព្រមទាំងបច្ច័យចំនួន៥លានរៀល ប្រគល់ជូនគ្រួសារសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារការប៉ះទង្កិចគ្នារវាងកងទ័ពកម្ពុជា-ថៃ។
ពិធីនេះមានការអញ្ជើញចូលរួមអំដំណើរពីសំណាក់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានចាត់ទុកថា ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕