(ភ្នំពេញ)៖ វេទិកា «នីកេ» ស្តីពីអនាគតអាស៊ី លើកទី៣០ ប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ក្នុងប្រទេសជប៉ុនដែល បានប្រមូលផ្តុំមេដឹកនាំនយោបាយ សេដ្ឋកិច្ច និងបណ្ឌិតល្បីល្បាញនានាមកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានបិទបញ្ចប់ទៅហើយ។ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាវាគ្មិនម្នាក់ ដែលបានឡើងថ្លែងសុន្ទរកថាក្នុងវេទិកាតំបន់នោះក្រោមប្រធានបទ «ការប្រកួតប្រជែងអាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់»។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅមួយជុំវិញបញ្ហានេះ
នៅក្នុងវេទិកា Nikkei Future of Asia Forum លើកទី៣០ នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់សុន្ទរកថាគន្លឹះមួយ ដែលអ្នកចូលរួមបានចាត់ទុកថា ជាសារដ៏មានតម្លៃសម្រាប់ពិភពលោកដែលស្វែងរកសន្តិភាព។ សុន្ទរកថារបស់នាយក រដ្ឋមន្ត្រីនៃប្រទេសកម្ពុជា គឺការអំពាវនាវស្វែងរកភាពអត់ធ្មត់ កិច្ចសហប្រតិបត្តិការ និងអភិបាលកិច្ចដែលផ្តោតទៅលើមនុស្ស ក្នុងដំណាក់កាលដែលពិភពលោកបានឃើញនូវហេតុការណ៍ទំនាស់ភូមិសាស្ត្រនយោបាយ ទំនោរជាតិនិយមជ្រុល និងភាពចុះខ្សោយនៃបទដ្ឋានច្បាប់អន្តរជាតិ។ សុន្ទរកថារបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបង្ហាញនូវការប្រឈមជាយុទ្ធសាស្ត្រចំពោះពិភពលោក ដែលកំពុងតែញាំញីដោយភាពបែកបាក់ ភាពចលាចលផ្នែកសេដ្ឋកិច្ច និងមនោគមវិជ្ជាជ្រុលនិយម។
សុន្ទរកថារបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាមួយនឹងការដាក់សំណួរថា «តើយើងចង់ក្លាយជាសង្គមមួយដែលពោរពេញដោយសេចក្តីស្អប់ខ្ពើម និងកំហឹង ឬមួយជ្រើសរើសសន្តិភាព និងការទទួលខុសត្រូវ?» បានធ្វើឱ្យអ្នកចូលរួមបានចាប់អារម្មណ៍ជាខ្លាំង។ សុន្ទរកថារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញដោយត្រង់និងឥតលាក់លៀមជុំវិញភាពប្រឈមមុខដាក់គ្នាតាមភូមិសាស្ត្រនយោបាយ ដែលអ្វីទាំងនេះ គឺតែងតែត្រូវបានសារព័ត៌មានពិភពលោក បានដាក់យកធ្វើជាចំណងជើង គួរឱ្យចាប់អារម្មណ៍។ សាររបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់ពិភពលោកតាមរយៈសុន្ទរកថាក្នុងវេទិកា Nikkei Future of Asia Forum គឺច្បាស់លាស់ណាស់ ដែលបង្កប់ន័យថា សន្តិភាព គឺមិនអាចគេកាត់ថ្លៃបាន ខណៈពហុភាគីនិយម គឺកាន់តែចាំបាច់ ហើយការដឹកនាំត្រូវតែមានទំនួលខុសត្រូវ មិនមែនត្រឹមតែចំពោះប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែចំពោះមនុស្សជាតិ។
* សំឡេងដ៏ស្ងប់ក្នុងពិភពលោកដែលវឹកវរ
ក្រោមប្រធានបទ៖ «ការប្រកួតប្រជែងរបស់អាស៊ីក្នុងពិភពលោកដែលបែកបាក់គ្នា» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញប្រាប់អ្នកចូលរួមក្នុងវេទិកាថា កម្ពុជាមិនមែនជាអ្នកសង្កេតការណ៍ដ៏អសកម្មនោះទេ, កម្ពុជា គឺជាអ្នកចូលរួមយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់ និងពិភពលោក។ លោកថា៖ «ការប្រជែងរបស់ប្រទេសមហាអំណាចធំៗ បានធ្វើឱ្យទំនាក់ទំនងអន្តរជាតិកាន់តែស្មុគស្មាញ ចាប់តែពីបញ្ហានយោបាយ រហូតដល់ពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា»។
លោកបានគូសបញ្ជាក់ពីអស្ថិរភាព ដែលបណ្តាលមកពីជម្លោះប្រូកស៊ី ដែលកំពុងបន្តការគំរាមកំហែងតាមអ៊ីនធឺណិត ការប្រែប្រួលអាកាសធាតុ ក៏ដូចជាអន្តរកាលប្រជាសាស្ត្រ ដែលបានរំខានដល់ការកៀរគរកម្លាំងពលកម្មក្នុងតំបន់។ ប៉ុន្តែជាជាងការបណ្តោយឱ្យអ្វីទាំងនោះធ្លាក់ទៅក្នុងភាពភ័យខ្លាច នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចេញនូវការតស៊ូមតិសម្រាប់ស្វែងរកភាពស្ងប់ស្ងាត់ជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ។
សុន្ទរកថារបស់សម្តេចបវរធិបតី បានព្រមានថា៖ «យើងមិនត្រូវអនុញ្ញាតឲ្យជម្លោះទ្រង់ទ្រាយធំផ្ទុះឡើងក្នុងតំបន់របស់យើងទេ។ ប្រការនេះ ទាមទារឱ្យមានការពង្រឹងទំនាក់ទំនងការទូត ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព»។
សុន្ទរកថារបស់សម្តេចបវរធិបតីក្នុងវេទិកា Nikkei Future of Asia Forum លើកទី៣០ បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន ការវិភាគបរិបទពិភពលោកបច្ចុប្បន្ន សារៈសំខាន់នៃសន្តិភាព ស្ថិរភាពនិងវិបុលភាព បញ្ហាជាក់លាក់ដែលប៉ះពាល់អាស៊ី និងពិភពលោក បទពិសោធន៍និងការអនុវត្តរបស់កម្ពុជា និងទង្វើប្រឆាំងក្រុមជាតិនិយមជ្រុល។
* កម្ពុជាចែករំលែកមេរៀននៃនយោបាយឈ្នះឈ្នះ
សាររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីសិទ្ធិអំណាចសីលធម៌ ដែលចាក់ឫសក្នុងគន្លងប្រវត្តិសាស្ត្ររបស់កម្ពុជា។ លោកបានថ្លែងប្រាប់វេទិកាក្នុងតំបន់ថា កម្ពុជាបានចំណាយពេលជាងបីទសវត្សរ៍ ដើម្បីតែការបញ្ចប់ជម្លោះពីអតីតកាល។ ស្លាកស្នាមនៃសង្គ្រាម ការប្រល័យពូជសាសន៍ និងការអន្តរាគមន៍ពីបរទេស បានធ្វើឱ្យការយល់ដឹងរបស់ប្រទេសជាតិមើលឃើញថាសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ កម្ពុជាដែលងើបពីគំនរផេះផង់ ភាពបែកបាក់ និងការបំផ្លិចបំផ្លាញ បង្កើតបានមកវិញនូវសន្តិភាពតាមរយៈ «នយោបាយឈ្នះ-ឈ្នះ» និងការប្តេជ្ញាចិត្តជាតិដ៏ខ្ពង់ខ្ពស់របស់ប្រតិបត្តិករដែលចូលរួម ដើម្បីការផ្សះផ្សាជាតិ។ សម្តេចបវរធិបតី បានថ្លែងថា «ផ្អែកលើបទពិសោធន៍នេះ យើងមានភាពចាំបាច់ក្នុងការការពារសន្តិភាពដែលមានស្រាប់ ជាជាងការស្តារឡើងវិញនូវសន្តិភាពដែលបាត់បង់រួចទៅហើយ។ ពាក្យទាំងនេះមិនមែនជាទ្រឹស្តីទេ ប៉ុន្តែផ្អែកតាមប្រវត្តិនៃដំណើរដ៏ឈឺចាប់របស់កម្ពុជាដែល ឆ្លងកាត់ក្នុងរយៈពេលសង្គ្រាមជិត៣០ឆ្នាំកន្លងមក។
* ពហុភាគីនិយម និងការដាក់បញ្ចូលសេដ្ឋកិច្ច ធ្វើជាយុថ្កាយុទ្ធសាស្ត្រ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានពង្រឹងជំនឿរបស់លោកលើកិច្ចសហប្រតិបត្តិការពហុភាគីនិយមថា វាជាឱសថសម្រាប់ទប់ទល់នឹងសេដ្ឋកិច្ចគាំពារនិយម និងលទ្ធិឯកតោភាគីនិយម។ លោកបានព្រមានថា សង្គ្រាមពាណិជ្ជកម្ម និងការចុះខ្សោយនៃច្បាប់ពហុភាគី បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសតូចៗ ដែលមានអំណាចតិចជាងគេ។ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន តែងពឹងផ្អែកលើប្រព័ន្ធអន្តរជាតិដែលបើកចំហរ ផ្អែកលើច្បាប់ដើម្បីទាក់ទាញការវិនិយោគ ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងការនាំប្រជាជនរបស់ខ្លួនចេញពីភាពក្រីក្រ។
សម្តេចធិបតីបានអំពាវនាវ ក្នុងការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីនិងពហុភាគី (FTAs) ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខ័ណ្ឌ RCEP ដែលការធ្វើសមាហរណកម្មទាំងនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យនៃភាពធន់នៅក្នុងតំបន់។ ជាងនេះទៅទៀត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបញ្ចូលគ្នាទៅនឹងសន្តិភាពខ្លួនឯងផងដែរ។ តាមរយៈការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ ការវិនិយោគលើការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម និងការគាំទ្រវិស័យដែលងាយរងគ្រោះ ប្រទេសកម្ពុជាមានគោលបំណងបង្កើតការទប់ស្កាត់សេដ្ឋកិច្ចសង្គមប្រឆាំងនឹងការប្រែប្រួល។ ការអភិវឌ្ឍតាមទស្សនៈពិភពលោកនេះ មិនមែនគ្រាន់តែជាគោលដៅទេ វាជាឧបករណ៍សម្រាប់រារាំងមិនឱ្យមានការកើតឡើងនូវជម្លោះឡើយ។
សម្តេចបវរធិបតី បានថ្លែងប្រាប់អ្នកចូលរួមថា៖ «យើងត្រូវកែតម្រូវឧស្សាហកម្មតាមវិស័យ បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ និងផ្លាស់ប្តូរគោលដៅទីផ្សារ។ កម្ពុជា ត្រូវខិតខំបង្កើនសមត្ថភាពឧស្សាហកម្មឆ្ពោះទៅរកឧស្សាហកម្មដែលផ្អែកលើជំនាញ និងចំណេះដឹងជាមូលដ្ឋាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍ វិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។ ហើយនៅចំណូចមួយទៀតដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មិនបានភ្លេចប្រាប់វេទិកា ក្នុងតំបន់ដែរនោះ គឺទង្វើនយោបាយជ្រុលនិយម ដែលគេត្រូវចៀសវាងជាដាច់ខាត»។
* ទំនួលខុសត្រូវប្រព័ន្ធផ្សព្វផ្សាយ ប្រឆាំងនឹងព័ត៌មានជ្រុលនិយម
សារដែលផ្តោតលើទង្វើនយោបាយជ្រុលនិយម គឺជាចំណុចឆ្លុះបញ្ចាំងមួយដែលបាននិងកំពុងកើតឡើងនៅគ្រប់ទិសទីទាំងនៅក្នុងប្រទេសកម្ពុជា និងនៅតាមប្រទេសនានានៅលើពិភពលោកផងដែរ។ សម្តេចបវរធិបតី បានថ្លែងមើលឃើញថា៖ «អ្នកនយោបាយខ្លះកំពុងលេងនូវល្បែងគ្រោះថ្នាក់នេះ ដើម្បីតែងការស្វែងរកអំណាចរបស់ខ្លួនឯងតែប៉ុណ្ណោះ»។
អំពើជ្រុលនិយម តែងបង្កើតនូវព័ត៌មានញុះញង់ ព័ត៌មានមិនពិត ព័ត៌មានបញ្ឆេះកំហឹង និងទង្វើនោះ តែងបង្កឱ្យអំពើប្រឈមមុខដាក់គ្នារវាងជាតិសាសន៍មួយទៅវិញទៅមកថែមទៀត។ នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់សំណួរថា៖ «តើយើងត្រូវការសង្គមបែកបាក់ ដែលពោរពេញដោយការស្អប់ខ្ពើម និងកំហឹងដែរឬយ៉ាងណា?»។
សាររបស់សម្តេចបវរធិបតី បានអំពាវនាវឱ្យការទទួលខុសត្រូវ និងការធ្វើសកម្មភាពរួមគ្នា ប្រឆាំងនឹងទង្វើជ្រុលនិយម ពីព្រោះទង្វើជ្រុលនិយម គឺជាទង្វើដែលកេងប្រវ័ញ្ចដើម្បីតែមហិច្ឆិតានយោបាយផ្ទាល់ខ្លួន ដោយពួកគេមិនបានគិតអំពីការទទួលខុសត្រូវដល់វាសនានិងអនាគតប្រទេសជាតិឡើយ។ ពួកគេរុញផ្សាយតែព័ត៌មានមិនពិត បង្កើតតែព័ត៌មានក្លែងក្លាយ បញ្ឆេះតែកំហឹងជាតិនិយមជ្រុល ដើម្បីតែនយោបាយចង់កាន់អំណាចរបស់ខ្លួនតែប៉ុណ្ណោះ។
លោកបានអំពាវនាវសាធារណមតិ, អ្នកនយោបាយ, អ្នកសិក្សាស្រាវជ្រាវ, ម្ចាស់ធុរកិច្ច រួមទាំងស្ថាប័នសារព័ត៌មានផងដែរ ត្រូវទទួលខុសត្រូវក្នុងការជូនដំណឹងដល់សាធារណជន ដោយផ្អែកលើហេតុផលនៃការពិត និងអំណះអំណាងត្រឹមត្រូវ ជាជាងការទាក់ទាញយកចំ ណាប់អារម្មណ៍, ការបំផ្លើស និងការទាមទារចង់បានប្រជាប្រីយភាពនៅក្នុងកិច្ចការការបរទេស។
លោកបានបញ្ជាក់ត្រង់ចំណុចនេះថា ប្រព័ន្ធផ្សព្វផ្សាយមានជម្រើសមួយដែលត្រូវធ្វើថា៖ «តើយើងយើងធ្វើជាអ្នកបន្ថែមភ្លើង ឬជាអ្នកពន្លត់ភ្លើង?»។ សម្តេចបវរធិបតី នៅក្នុងសារដ៏មានឥទ្ធិពលរបស់លោក បានបញ្ជាក់ជាចុងក្រោយទៀតថា៖ «យើងមិនត្រូវបណ្តោយឱ្យនយោបាយជ្រុលនិយម កើតមាននៅក្នុងសង្គមយើងនោះទេ» ប៉ុន្តែយើងត្រូវផ្តល់តម្លៃដល់អ្នករក្សាសន្តិភាព ស្វែងរកសន្តិភាព ជំនួសឱ្យការផ្តល់លំហ និងការការពារដល់អ្នកនយោបាយជ្រុលនិយមដែលចង់ធ្វើឱ្យសន្តិភាពរង្គោះរង្គើ, ញុះញង់ឱ្យមានការប្រយុទ្ធគ្នាជាមួយប្រទេសជិតខាង, ដំឡើងរបាំងរឹតត្បិតពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន និងលើកតម្កើងជាតិនិយមជ្រុលហួសហេតុ៕