(តូក្យូ, ជប៉ុន)៖ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko ភរិយានាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញសមាធិជាមួយគ្នា តាម​ប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan ក្នុងទីក្រុងតូក្យូ។

បន្ទាប់ពីធ្វើសមាធិរួមគ្នារួចហើយនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko បានជួបពិភាក្សាគ្នា​ជុំវិញ​ការធ្វើសមាធិនៅកម្ពុជា និងនៅជប៉ុន។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណជូនចំពោះ​លោក​ជំទាវ ISHIBA Yoshiko ដែលបានរៀបចំការសមាធិរួមគ្នានេះ។ ឆ្លៀត​ក្នុង​ឱកាសនោះដែរ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់អាហារូបករណ៍​ដល់​លោកជំទាវ និងនិស្សិតកម្ពុជាជាច្រើនរូប បានទៅសិក្សានៅប្រទេស​ជប៉ុន​ផងដែរ៕