(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំធំថ្មីសាលាខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពិភាក្សា ស្វែងរកកៀរគរមូលនិធិ សម្រាប់ទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសអបអរសាទរខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខខភាពល្អ និងមានភាពធននឹងអាកាសធាតុ» និងប្រកាសទទួលស្គាល់គណៈកិត្តិយស គណៈកម្មាធិការ និងមន្ត្រី ប្រចាំការថ្នាក់អនុសាខា ក្រុង ស្រុក ទាំង៧ នៃខេត្តពោធិ៍សាត់។
លោក ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ឆ្នាំ២០២៥នេះ សាខាពុំបានធ្វើទិវាជាលក្ខណៈមិទ្ទិញ គឺគ្រាន់តែប្រជុំផ្សព្វផ្សាយ ស្វែងរកមូលនិធិ សម្រាប់ទ្រទ្រង់ សកម្មភាពមនុស្សធម៌ ក្នុងនាមជាជំនួយការឱ្យឱ្យអាជ្ញាធរសាធារណៈ។ ក្នុងឆ្នាំ២០២៤ សាខាទទួលបានមូលនិធិជាង៤១១លានរៀល និង១៣៣.៥៨០ដុល្លារអាមេរិក ក្នុងនោះ លោក កែវ រតនៈ ប្រធានកិត្តិយស និងសហការី ចំនួន ២០០លានរៀល និង១២៩.៤៥០ដុល្លារអាមេរិក ក្រៅពីនោះបានមកពីមន្ទីរ អង្គភាព អាជីវករ និងសប្បុរសជន។ ចំពោះអន្តរាគមន៍នៃគ្រោះមហន្តរាយ ក្នុងកម្រិតតិចតួច អនុសាខា ស្រុក ក្រុង ម្ចាស់ការដោះស្រាយ បើកម្រិតធ្ងន់ធ្ងរថ្នាក់សាខា ជាអ្នកទទួលខុសត្រូវពុំមានការរើសអើង ឬប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ព័ណ៌សម្បុរឡើយ។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណង២សំខាន់គឺទី១៖ ប្រកាសទទួលស្គាល់គណៈកិត្តិយស គណៈកម្មាធិការ និងមន្ត្រីប្រចាំការថ្នាក់អនុសាខាស្រុក ក្រុងទាំង៧ និងទី២៖ កៀងគរស្វែងរកមូលនិធិ សម្រាប់ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ។ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំ របស់សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានក្លាយជាសមាគមជាតិមួយ ឈានមុខក្នុងវិស័យមនុស្សធម៌ តែងតែណែនាំ និងផ្តល់គោលការណ៍ដឹកនាំដ៏ត្រឹមត្រូវ ជូនគ្រប់សាខា អនុសាខា រាជធានី ខេត្ត ខណ្ឌ ស្រុក ក្រុង។ បន្តយកចិត្តទុកដាក់ឆ្លើយតបដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង ពុំមានការរើសអើង មិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរឡើយ។ តាមរយៈនៃកិច្ចប្រជុំនេះ សូមអំពាវនាវ ប្រគេនដល់ព្រះសង្ឃ និងជម្រាបជូនដល់ស្ថាប័ន មន្ទីរ អង្គភាព អាជីវករ សិប្បករ នៅតាមបណ្តារោងចក្រសហគ្រាស ផលិតកម្ម នៅតាមបណ្តាស្រុក-ក្រុងទាំងអស់ ចូលរួមបរិច្ចាកថវិកា សម្ភារៈជួយទ្រទ្រង់ និងជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ដូចបានធ្វើកន្លងមក ជាពិសេសក្នុងការប្រារព្វអបអរសាទរខួបទី១៦២ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខខភាពល្អ និងមានភាពធននឹងអាកាសធាតុ»។
តាមរយៈការបរិច្ចាគនូវធនធានថវិកាពីសប្បុរសជន គ្រប់ស្រទាប់វណ្ណៈទាំងអស់នេះ គឺធ្វើឡើងតាមកម្លាំងសទ្ធា និងពីការចូលរួមទាំងនោះ ហើយក្នុងនោះសាខាកាកបាទក្រហមខេត្ត នឹងខិតខំយកចិត្តទុកដាក់ នូវក្នុងការប្រើប្រាស់ នូវអំណោយសប្បុរសជន ដើម្បីបំរើដល់សកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបនូវការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដែលតែងកើតមានកន្លងមក។
លោក អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ក្នុងការជម្រុញឱ្យមានប្រសិទ្ធភាព និងឱ្យមានការចូលរួមកាន់តែច្រើនឡើងថែមទៀត ក្នុងការកៀរគរស្វែងរកសប្បុរសជន ដើម្បីចូលរួមបរិច្ចាគធនធានថវិកា ក្នុងសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ដោយក្នុងនោះ លោកបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំសាខា និងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក ក្រុង បណ្តាមន្ទីរ អង្គភាព អាជីវករ សិប្បកម្ម អាជីវកម្ម និងតាមគ្រឹះស្ថាននានាក្នុងខេត្ត ចូលរួមគាំទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជួយទ្រទ្រង់សម្មភាពមនុស្សធម៌ក្នុងខេត្ត។
ជាមួយគ្នានេះដែរ លោកប្រធានគណៈកម្មាធិការសាខាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការចូលរួមបំផុសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន បានចូលរួមបរិច្ចាគនូវធនធានថវិកា ទោះតិចក្តី ច្រើនក្តី គឺជាទឹកចិត្តសប្បុរសធម៌ របស់បងប្អូនក្នុងការរួមចំណែកសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ៕