(តាហ្ស៊ីគីស្ថាន)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ បានឡើងថ្លែងសន្ទរថាក្នុងសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាវេទិកាដ៏មានសារៈសំខាន់ ដែលបានកើតឡើងក្នុងពេលវេលានេះ ស្របទៅនឹងការប្រារព្ធខួបលើកទី១០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ និងការធ្វើបច្ចុប្បន្នភាពនៃការកំណត់អំពីការដាក់ឯកសារ របាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់ជាតិលើកទី៣ (NDC.3) ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) ផងដែរ។

លោកបណ្ឌិតបានមានប្រសាសន៍ថា ឆ្នាំ២០២៥ ក៏ជាការចាប់ផ្តើមនៃទសវត្សរ៍នៃសកម្មភាពសម្រាប់វិទ្យាសាស្រ្ត Cryospheric (២០២៥-២០៣៤)។ ការរលាយនៃផ្ទាំងទឹកកកនៅតំបន់ប៉ូលធំ ក៏ដូចជាផ្ទាំងទឹកកកនៅតំបន់អាក់ទិក និងអង់តាក់ទិកក៏មានការកើនឡើងខ្លាំង។ យោងតាមអង្គការ NASA រាយការណ៍ថាចន្លោះឆ្នាំ១៩៩៣ និង២០១៩ តំបន់Greenland បានបាត់បង់ទឹកកកជាមធ្យម ២៧៩ ជីហ្គាតោនជារៀងរាល់ឆ្នាំ ខណៈពេលដែលនៅអង់តាក់ទិកបានបាត់បង់១៤៨ ជីហ្គាតោន។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់អំពីគម្លាតកើនឡើង រវាងការសន្យាស្តីពីការជួយទប់ស្កាត់នៃការប្រែប្រួលអាកាសធាតុរបស់ប្រទេសជឿនលឿន និងល្បឿននៃការអនុវត្តជាក់ស្តែង។ ការសម្រេចបាននូវគោលដៅ 1.5 អង្សាសេ នឹងតម្រូវឱ្យមានការចូលរួមសាមគ្គីក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់កាន់តែខ្លាំងក្លានិងការគាំទ្រ ដ៏រឹងមាំបន្ថែមទៀតពីអន្តរជាតិ។

«យើងទាំងអស់គ្នាទទួលស្គាល់គម្លាតបានកើតឡើងខ្លាំង រវាងមហិច្ឆតាអាកាសធាតុបច្ចុប្បន្ន និងការអនុវត្តជាក់ស្តែងរបស់ពួកគេ។ ដើម្បីសម្រេចបាននូវគោលដៅ ១,៥ អង្សាសេ យើងត្រូវការជាបន្ទាន់នូវការកាត់បន្ថយការបំភាយឧស្ម័នកាន់តែច្រើន»។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមក្នុងសន្ទរកថា ក្នុងនាមសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តថា៖ នេះតម្រូវឱ្យមានការពង្រឹងធនធានហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងប្រទេស ដែនកោះកំពុងអភិវឌ្ឍន៍ (SIDS)។ ដើម្បីឱ្យសន្និសីទលើកទី៣០ នៃរដ្ឋភាគីអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ COP30 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីល នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ទទួលបានជោគជ័យ យើងត្រូវកសាងទំនុកចិត្តឡើងវិញ ពង្រឹងលើអាទិភាព និងដាក់មូលដ្ឋានគ្រឹះសម្រាប់បង្ហាញពីលទ្ធផលដែល ប្រទេសទាំងអស់នៅលើពិភពលោក មានមហិច្ឆតាបន្ថែមទៀតលើបញ្ហាអាកាសធាតុ»។

លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ឡើងវិញផងដែរនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដែលប្រទេសជឿនលឿនបានសន្យាក្នុង នៃការចូលរួមជាសកលលើកទីមួយ នៅឯសន្និសីទលើកទី២៨ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការពន្លឿនការសម្របខ្លួន និងសកម្មភាពកាត់បន្ថយ ដើម្បីបន្តដំណើរជាមួយសីតុណ្ហភាព ១,៥°C។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជា ចំពោះផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ រួមមានទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្រិតទឹកសមុទ្រ។ ឯកឧត្តម បានកត់សម្គាល់ថារបាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់ជាតិ NDC របស់កម្ពុជា ដែលបានធ្វើបច្ចុប្បន្នភាពឆ្នាំ២០២០ បានសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១,៧ % នៅឆ្នាំ២០៣០ ។ កម្ពុជាគ្រោងបញ្ជូនរបាយការណ៍ជាតិលើកទី៣ នៅក្នុងពេលខាងមុខនេះ ដែលបានកំណត់អំពីការបេត្តាជ្ញាចិត្ត ដោយមហិច្ឆតា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាមួយអន្តរជាតិ។ កម្ពុជាក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះការពិគ្រោះយោបល់ «ផែនទីបង្ហាញផ្លូវទីក្រុងបាគូ» កាលពីឆ្នាំមុន ដែលត្រូវការថវិកាដល់ ១,៣ ពាន់ពាន់លាន" ដែលជាការស្វែងរកការពង្រីកហិរញ្ញវត្ថុអាកាសធាតុ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ ផែនទីបង្ហាញផ្លូវទីក្រុងបាគូទៅប៊ែលឹម ដល់ ១,៣ពាន់ពាន់លាន ដែលមានបំណងពង្រីកហិរញ្ញវត្ថុអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតាមរយៈជំនួយឥតសំណង និងឧបករណ៍សម្បទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ការបំភាយឧស្ម័នទាប និងធន់នឹងអាកាសធាតុ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពអាកាសធាតុ លើកកម្ពស់ការការពារបរិស្ថាន និងធានានូវភាពជោគជ័យរបស់សន្និសីទ COP30 សម្រាប់អនាគតប្រកបដោយចីរភាព។ មានប្រសាសន៍បន្ថែម របស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា។

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន តាមស្មារតីនៃសេចក្តីសម្រេចចិត្ត ដែលបានអនុម័ត កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយនិងជួយសម្រួលសកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅរកការថែរក្សា ក៏ដូចជាការគ្រប់គ្រងផ្ទាំងទឹកកនៅគ្រប់កម្រិត ដែលត្រូវការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត៕