(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដធ្វើការប្ដេជ្ញាចិត្តខ្ពស់ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលជាក្ដីកង្វល់រួមរបស់ពិភពលោក។ នេះបើតាមការលើកឡើងរបស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

តាមរយៈសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានអះអាងថា មិនមែនទើបតែពេលនេះនោះទេ ដែលរាជរដ្ឋាភិបាលកម្ពុជា បន្ដធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ លើការងារនេះ ពោលអនុវត្តតាំងពីដំណាក់កាលដែលកម្ពុជាមិនទាន់ស្គាល់អ្វី ដែលហៅថា ការជួញដូរមនុស្ស ឬឆបោកតាមប្រព័ន្ធអនឡាញមកម្ល៉េះ។

បើតាមលោកស្រី ជូ ប៊ុនអេង, មកដល់ពេលនេះ គ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក បានបង្ហាញនូវការយល់ឃើញដូចៗគ្នាថា ឧក្រិដ្ឋកម្មនៃការជួញដូរមនុស្ស កាន់តែមានភាពស្មុគស្មាញ ប្រទាក់ក្រឡាគ្នា ក្នុងចំណោមបទល្មើសទាំងឡាយ ដែលជាបទល្មើសឆ្លងដែន។ ប៉ុន្ដែសម្រាប់កម្ពុជា នៅតែសហការយ៉ាងស្អិតរមួតជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសនេះ។

លោកស្រី ជូ ប៊ុនអេង បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលទាំងអាណត្តិមុន ទាំងអាណត្តិនេះ គឺតែងតែតម្កល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាបទល្មើសគ្រប់ប្រភេទជាអាទិភាព ដើម្បីរក្សានូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប សូម្បីតែជនបរទេសដែលនៅក្នុងប្រទេសកម្ពុជាយើងការពារទាំងអស់ [...] យើងក៏រួមចំណែកជាមួយបណ្ដាប្រទេសជិតខាង អន្ដរជាតិ ដើម្បីបង្ការ ទប់ស្កាត់ កុំឲ្យអំពើជួញដូរមនុស្សជះឥទ្ធិពលទៅលើគ្នាទៅវិញទៅមក»។

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកផ្ទាល់លើការងារនេះ បានអះអាងទៀតថា កម្ពុជាបានប្រើប្រាស់យន្ដការដែលមានស្រាប់ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៤ បានបង្កើតនូវយន្ដការរួមមួយ ដែលហៅថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ (គ.ជ.ប.ជ) មាន២២ក្រសួង ស្ថាប័នជាសមាជិក និង៥អង្គភាពជំនាញ ចូលរួមក្នុងប្រតិបត្តិការ ក្នុងនោះក៏មានរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

លោកស្រីបានបន្ថែមទៀតថា ក្រសួងមហាផ្ទៃ និយាយដោយឡែក និងនិយាយជារួមរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់នូវយុទ្ធសាស្ដ្រចំនួន៤ធំៗ រួមមាន ការបង្ការ, ទប់ស្កាត់, ការអនុវត្តច្បាប់ និងការគាំពារសង្គមសម្រាប់ជនរងគ្រោះ។ លោកស្រីសង្កត់ធ្ងន់ទៀតថា ក្រៅពីយុទ្ធសាស្ដ្រទាំង៤នេះហើយក៏ទាមទារដាច់ខាតឲ្យមានកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្ដរជាតិ ព្រមទាំងការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

លោកស្រី ជូ ប៊ុនអេង បានលើកឡើងដែរថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាក្រសួងមហាផ្ទៃ តាំងពីដំណាក់ការនៃការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង រហូតមកដល់លោកអភិសន្ដិបណ្ឌិត ស សុខា គឺបានផ្សព្វផ្សាយនូវរបាយការណ៍នៃកិច្ចប្រតិបត្តិការជារៀងរាល់ឆ្នាំជូនសាធារណៈជន ដើម្បីអាចសិក្សាបាននូវអ្វីដែលជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕