(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា
និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា, ដើម្បីអបអរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥, នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ផ្ដល់ក្ដីស្រលាញ់ និងភាពកក់ក្ដៅបន្ថែមទៀតជូនដល់កុមារតូចៗជាច្រើនរយនាក់ដែលជ្រកក្រោមមណ្ឌលមែកឈើ និងអង្គការសង្គ្រោះជនអស់សង្ឃឹម។
ព្រមជាមួយគ្នានេះ ក៏បាននាំយកសម្ភារអនាម័យ និងនំភីហ្សាដ៏ឈ្ងុយឆ្ងាញ់ចែកជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ ចំនួន១២០នាក់ និងកុមារនៅអង្គការសង្គ្រោះជនអស់សង្ឃឹមចំនួន ១២៤នាក់ រួមជាមួយគ្រូ អ្នកថែទាំ ៣៦នាក់ សរុបទាំងពីរមណ្ឌលចំនួន ២៨០នាក់ ដែលស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
នេះមិនមែនជាលើកទី១នោះទេ ហើយក៏មិនសម្រាប់តែក្នុងឱកាសនេះដែរ គឺកាកបាទក្រហមកម្ពុជា តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា ផ្ដល់ទាំងក្ដីមេត្ដា ករុណា ស្រលាញ់ អាណិត និងមានភាពកក់ក្ដៅ រួមទាំងអំណោយមនុស្សធម៌ ជូនដល់មណ្ឌលទាំងពីរនេះ ដើម្បីផ្គត់ផ្គង់បីបាច់ថែរក្សា និងផ្ដល់ជាអាហារ កន្លែងស្នាក់នៅ ពិសេសការសិក្សារៀនសូត្រ។ ជាក់ស្ដែងការចុះសួរសុខទុក្ខ និងចែកអំណោយដល់មណ្ឌលមែកឈើ គឺជាលើកទី២ និងអង្គការសង្គ្រោះជនអស់សង្ឃឹមជាលើកទី២៤ហើយ។
នាឱកាសសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងក្ដីមេត្ដានេះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមណ្ឌលមែកឈើ និងអង្គការសង្គ្រោះជនអស់សង្ឃឹម ដែលបានទំនុកបម្រុងជួយមើលថែទាំ ផ្តល់ការស្នាក់នៅ ការសិក្សាអប់រំ ការហូបចុក ថែមទាំងគិតគូរដល់អនាគតរបស់កុមារ-យុវជន ដែលជាទំពាំងស្នងឬស្សី ហើយដែលនេះគឺជាការចូលរួមចំណែកជួយដល់សង្គមជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានគូសបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជាដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ បានទទួលការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ ទើបធ្វើឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការចុះជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក៏ដូចជាកុមារកំព្រា កុមារក្រីក្រ ចាស់ជរាឥតទីពឹង ជាក់ស្តែង មណ្ឌលមែកឈើ និងអង្គការសង្គ្រោះជនអស់សង្ឃឹម នេះជាដើម។
សូមជម្រាបថាក្នុងឱកាសសំណេះសំណាលលនេះកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវសម្ភារៈប្រើប្រាស់ និងសម្ភារអនាម័យជូនដល់កុមារ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកជាអ្នកថែទាំកុមារ។ ជាងនេះទៅទៀតក្នុងពិធីខាងលើនេះ ក៏មានរៀបចំកម្មវិធីកំសាន្ដសប្បាយៗជូនដល់កុមារផងដែរ៕