(តូក្យូ, ជប៉ុន)៖ ថ្លែងចេញពីទឹកដី នៃប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បើមិនបានជួយអ្វីទេ គឺសូមត្រឹមរួមគ្នាលើកទឹកចិត្ត គាំទ្រកងទ័ព នោះគឺជាការស្នេហាជាតិហើយ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដែលស្រលាញ់កងទ័ព អ្នកដែលស្រលាញ់អាយុជីវិតរបស់កងទ័ព គ្រួសារទ័ពដែលព្រួយបារម្ភអំពីជីវិតប្ដី ជីវិតឪពុក ជីវិតបងប្អូនដែលនៅជួរមុខ សូមរួមគ្នា ដើម្បីលើកទឹកចិត្ដ បងប្អូនកងទ័ពយើង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះបញ្ហាព្រំដែន ទុកកិច្ចការការងារនេះ ឲ្យរាជរដ្ឋាភិបាល និងកងទ័ពរបស់យើងរួមគ្នាដោះស្រាយ ហើយរឿងព្រំដែននេះ គណៈកម្មាធិការជាតិដោះស្រាយព្រំដែនចម្រុះ នឹងជួបគ្នានៅចុងខែមិថុនា ដើម្បីធ្វើការចរាចរគ្នាបន្ដទៀត។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រឿងលើសខ្វះ ឬរឿងល្អឥតខ្ចោះ មកដល់ម៉ោងនេះ គឺត្រូវមូលចិត្ដមូលគំនិតគ្នា ហើយរឿងដែលខុសអ្វី គឺទុកវាមួយដុំ ខណៈម៉ោងនេះ រឿងដែលត្រូវគិត គឺការងារធំ គឺការពារបូរណភាពទឹកដី និងការពារទឹកដីរបស់យើង ការពារអាយុជីវិតរបស់យើង។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី៕