(តូក្យូ,ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការហួសចិត្តចំពោះអ្នកវិភាគនៅក្រៅស្រុកដោយមានចោទប្រកាន់ និងលើកឡើងដោយគ្មានមូលដ្ឋានថា រាជរដ្ឋាភិបាលកម្ពុជា រៀបគម្រោងឱ្យទ័ពថៃ មកបាញ់សម្លាប់ទ័ពខ្មែរ ដើម្បីបង្វែសាច់រឿងឧក្រិដ្ឋកម្មអនឡាញ។

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «មានកូនចៅរបស់គេ (សម រង្ស៉ី) ដែលពូកែខាងជេរ គេថាបាញ់សម្លាប់ទាហានខ្មែរនេះ គឺជាឧបាយកលរបស់រដ្ឋាភិបាល សុខចិត្តទៅពឹងទាហានថៃ ឱ្យមកបាញ់ យើងស្លាប់ដើម្បីកុំឱ្យគេចាប់អារម្មណ៍រឿងអនឡាញ […] ថាដល់ម៉ោងនេះគឺធ្វើអ៊ឹចឹង ប្រើវិធីនេះគឺ មើលងាយវិញ្ញាណក្ខន្ធរបស់កងទ័ពយើង»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំទៅក្រុមប្រឆាំងឱ្យឈប់លាបពណ៌ខ្មែរគ្នាឯងទៀតទៅ មិនមែនទាល់តែធ្វើតាមក្រុមប្រឆាំងទើបជាអ្នកស្នេហាជាតិ ហើយគេមិនព្រមធ្វើតាមសុទ្ធតែក្បត់ជាតិនោះទេ។ ការលាបពណ៌គ្នា វាគ្មានប្រយោជន៍ និងមិនចំណេញអ្វីសោះដល់ជាតិ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើការខិតខំដោះស្រាយនៅថ្ងៃទី២៨ ខែឧសភា ដែលជាថ្ងៃប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ មិនទទួលបានលទ្ធផលល្អនោះទេ មិនស្រួលទេការស្លាប់នឹងកើនពី១ ដល់ទៅ១០០ ហើយការផ្ទុះនឹងរាលដាលទូទាំងព្រំដែន។ ខណៈជនភៀសខ្លួននឹងកើនឡើងជាមិនខាន ប្រសិនបើរាជរដ្ឋាភិបាលមិនអាចវាយតម្លៃសភាពការណ៍បានត្រឹមត្រូវ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានក៏បានបង្ហាញពីការសោកស្តាយចំពោះអ្នកវិភាគ និងអ្នកលេងបណ្តាញសង្គមថា ហេតុអ្វីបានជាយករថក្រោះទៅព្រំដែនហើយបែរជាមិនច្បាំងទៅវិញ។ ចំណុចនេះសម្ដេច​បវរធិបតី ថារាជរដ្ឋាភិបាល​បានវាយ​តម្លៃ​ពី​ស្ថានភាពនៅព្រំដែន ដែលជារឿងដ៏សំខាន់ខ្លាំង​ណាស់​ សម្រាប់​ការ​សម្រេច​ចិត្តនយោបាយដែល​ត្រូវ​ទទួល​ខុស​ត្រូវខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ និងប្រទេស​ជាតិ ដើម្បីបញ្ចៀសង្គ្រាម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​បានគូសបញ្ជាក់ថា ដែនអធិបតេយ្យភាពរបស់កម្ពុជា គឺត្រូវតែថែរក្សាជាដាច់ខាត ចំពោះការឈានពានត្រូវតែដកកងទ័ពចេញជាបន្ទាន់។ ចំណែកឯកងទ័ពកម្ពុជា បានត្រៀមជាប់ជាប្រចាំ ប្រសិនបើនៅក្នុងករណីកងទ័ពថៃ នៅអូសប្រឡាយមិនព្រមដកចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា កងទ័ពកម្ពុជា នឹងចេញប្រតិបត្តិការវាយបកដើម្បីឈរជើងទឹកដីរបស់ខ្លួនមកវិញជាមិនខាន។

សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយសន្ដិភាពផ្អែក​លើ​ច្បាប់បច្ចេកទេស​អន្តរជាតិ ជាមួយ​គ្នា​នោះ​កម្ពុជារក្សាសិទ្ធិ​ក្នុង​ការ​ការពារ​ទឹក​ដី​របស់​ខ្លួន​តាម​គ្រប់មធ្យោបាយបើសិន​ជា​មាន​ការ​ឈ្លាន​ពានលើ​ដី​កម្ពុជា។

ត្រង់ចំណុចនេះត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងប្រសិនបើមានករណីសង្គ្រាមទ្រង់ទ្រាយធំកើតឡើងនៅទីតាំងប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីថ្ងៃទី២៨ ខែឧសភា ដែលមិនអាចដោះស្រាយបានទាន់ពេលវេលានោះទេ ច្បាស់ណាស់ភ្លើងសង្គ្រាមរបស់ប្រទេសទាំងពីរនឹងកើតឡើងទូទាំងតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ដែលនាំឱ្យការស្លាប់ និងរបួសទាហានទាំងសងខាង ខណៈប្រជាពលរដ្ឋរាប់ម៉ឺននាក់នឹងត្រូវជម្លៀសខ្លួនពីចេញពីលំនៅដ្ឋានជាដើម។

គួរឱ្យ​ដឹង​ដែរថា ហេតុការណ៍​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា និង​ថៃ​កាលពីព្រឹកថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុចព្រំដែនមុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាល​មក​ពី​ការ​ឆ្មក់​ចូល​មក​វាយប្រហារ​ពី​កង​ទ័ព​ថៃ​មុន​លើ​កងទ័ពកម្ពុជា។ សកម្មភាព​នេះ​​ធ្វើ​ឱ្យ​ទាហានខ្មែរ​ម្នាក់​ស្លាប់​បាត់បង់ជីវិត និង​បាន​បង្កឱ្យ​ស្ថានភាព​ព្រំដែន​កម្ពុជា​-ថៃ​ ឡើង​កម្ដៅជា​ខ្លាំងដោយ​កង​ទ័ព​កម្ពុជា​បាន​ចល័ត​ទៅ​ត្រៀម​នៅ​ខ្សែ​មុខ​នៅព្រំដែន​ផងដែរ៕